ពាណិជ្ជកម្មតាមច្រកព្រំដែនរបស់មីយ៉ាន់ម៉ា កើនឡើងជាង ៩.៦ ពាន់លានដុល្លារ
សេដ្ឋកិច្ច September 10, 2020 Chan Sreyny

ពាណិជ្ជកម្មរបស់មីយ៉ាន់ម៉ាជាមួយបរទេស តាមរយៈច្រកព្រំដែនបានកើនឡើងជាង ៩.៦ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី ២៨ ខែសីហា ក្នុងឆ្នាំសារពើពន្ធ ២០១៩-២០២០ ដែលបានចាប់ផ្តើមនៅក្នុងខែតុលា នេះបើយោងតាមតួលេខចេញផ្សាយដោយក្រសួងពាណិជ្ជកម្មកាលពីថ្ងៃពុធ ទី ៩ ខែកញ្ញា។

ក្នុងអំឡុងពេលនេះ ការនាំចេញរបស់មីយ៉ាន់ម៉ាតាមរយៈច្រកព្រំដែនរកចំណូលបានជាង ៦.៤ ពាន់លានដុល្លារ ខណៈដែលការនាំចូលរបស់ខ្លួនទទួលបានជាង ៣.១ ពាន់លានដុល្លារ។ យោងតាមតួលេខរបស់ក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ាបានឱ្យដឹងថា ការធ្វើពាណិជ្ជកម្មតាមព្រំដែននៅក្នុងឆ្នាំសារពើពន្ធនេះ បានកើនឡើងជាង ២៤៤ លានដុល្លារ បើធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំសារពើពន្ធ ឆ្នាំ ២០១៨-២០១៩ ដែលបានកត់ត្រាជាង ៩.៤ ពាន់លានដុល្លារ។

គួរឱ្យដឹងផងដែរថា​​ ប្រទេសមីយ៉ាន់ម៉ាធ្វើពាណិជ្ជកម្មតាមព្រំដែនជាមួយប្រទេសចិន ថៃ បង់ក្លាដែស និងឥណ្ឌា។ ចំពោះការនាំចេញរួមមាន៖ ផលិតផលកសិកម្ម សត្វ និងគ្រឿងសមុទ្រ សារធាតុរ៉ែ ឈើ ទំនិញផលិតកម្ម និងផលិតផលផ្សេងៗទៀត៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet