សហគមន៍ទេសចរណ៍ភ្នំជម្រកសត្វ ភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានបើកបម្រើសេវាកម្ម ជូនភ្ញៀវទេសចរចាប់ពីរដូវបុណ្យភ្ជុំបិណ្ឌនេះទៅ ដើម្បីបានប្រាក់ចំណូល បន្តរៀបចំអភិរក្សធនធានធម្មជាតិនៅតំបន់នោះឱ្យបានគង់វង្ស។
ក្នុងឱកាសចុះពង្រឹងសេវាកម្មទេសចរណ៍របស់សហគមន៍ភ្នំជម្រកសត្វនៅ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២០ លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តនេះបញ្ជាក់ថា សមាជិកសហគមន៍ត្រូវរួមគ្នារៀបចំគ្រប់គ្រងសេវាកម្មជូនភ្ញៀវ ដែលមកកម្សាន្តនៅភ្នំជម្រកសត្វនេះឱ្យបានល្អ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋមានលទ្ធភាពបង្កើតរបរលក់ដូរនៅក្នុងមូលដ្ឋានរបស់ខ្លួនកាន់តែច្រើន។ លោកបន្តថា ដោយសារតែផលប៉ះពាល់ពីឥទ្ធិពលជំងឺកូវីដ-១៩ ទើបការបើកដំណើរការមានភាពយឺតយ៉ាវ តែទោះជាយ៉ាងណាក៏ដោយត្រូវតែប្រឹងប្រែងរួមគ្នាអភិវឌ្ឍន៍ និងអភិរក្សធនធានធម្មជាតិ ដើម្បីបម្រើឱ្យភ្ញៀវទេសចរក្នុងស្រុក ហើយផ្នែកសុខភាពក៏ត្រូវតែអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។

លោក ញាន ផុន ប្រធានសហគមន៍នេះបានបញ្ជាក់ថា តំបន់ភ្នំជម្រកសត្វមានសក្តានុពលសម្រាប់ភ្ញៀវទេសចរមកទស្សនាព្រោះសម្បត្តិធម្មជាតិ មានព្រៃឈើ សត្វព្រៃ ល្អាងថ្ម ដូចរូបចម្លាក់ នៅតំបន់ភ្នំឈ្ងូគ ភ្នំក្ងោកមាស ភ្នំដំរីជល់ មានទេសភាពល្អប្រណិតផ្សេងៗទៀត ។ លោកបន្តថា ការអភិវឌ្ឍសហគមន៍នេះអាជ្ញាធរពាក់ព័ន្ធបានឯកភាពជាមួយមន្ទីរទេសចរណ៍ និងអង្គការដៃគូរៀបចំឱ្យមានជណ្តើរឡើង មានមគ្គុទេសក៍ ទេសចរណ៍ មានកន្លែងលក់ចំណីអាហារ កន្លែងចតរថយន្ត ម៉ូតូ និងមានអ្នកយាមត្រឹមត្រូវផងដែរ។

លោក ផល លុយ ប្រធានប្រតិបត្តិនៃសមាគមថែរក្សាបរិស្ថាន និងវប្បធម៌ប្រចាំខេត្តស្ទឹងត្រែងបញ្ជាក់ថា អង្គការដៃគូនៅបន្តគាំទ្រការរៀបចំផែនការអភិវឌ្ឍវិស័យទេសចរណ៍នេះឱ្យចប់ចុងចប់ដើម។ លោកបន្ថែមថា ក្នុងពេលឆាប់ៗនេះគម្រោងនឹងរៀបចំដាក់ផ្ទាំងសូឡាភ្លើងបំភ្លឺតាមល្អាង កែសម្រួលផ្លូវឡើងតាមតំបន់នីមួយៗ និងរៀបចំផ្នែកបរិស្ថាន ដើម្បីលើកស្ទួយសោភណ្ឌភាពបន្ថែម។ សូមបញ្ជាក់ថា តំបន់ភ្នំជម្រកសត្វនេះស្ថិតនៅចម្ងាយពីទីរួមខេត្តប្រមាណជាង ៥០ គីឡូម៉ែត្រ ។ រមណីយដ្ឋានអេកូទេសចរណ៍ធម្មជាតិនេះ បានបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាចាប់ពីរដូវបុណ្យភ្ជុំនេះតទៅហើយ៕
ប្រភព៖ ក្រសួងព័ត៌មាន


