រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ដែលធំជាងគេលំដាប់ទី២ នៅក្នុងប្រទេសកម្ពុជា បានប្រកាសកម្លាយខ្លួនដោយជោគជ័យទៅជាធនាគារពាណិជ្ជ ដែលមានឈ្មោះថា ធនាគារ ហត្ថា ម.ក ហើយការប្រកាសនេះបានធ្វើឡើងក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្តីពី ធនាគារ ហត្ថា ប្រកាសបើកស្លាកសញ្ញាថ្មីជាផ្លូវការ ជាមួយនឹងការប្តេជ្ញាផ្តល់ជូននូវសេវាកម្មរហ័ស សាមញ្ញ និងងាយស្រួលជូនអតិថិជន ដែលបានប្រារព្ធឡើងនៅ សណ្ឋាគារសុខា នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៦:៣០ ល្ងាច ។
កម្មវិធីនៅថ្ងៃនេះ គឺជាសក្ខីភាព និងភ័ស្តុតាងថ្មីមួយទៀត ដែលបានសបញ្ជាក់អោយឃើញថា ធនាគារ ហត្ថា បាននឹងកំពុងតែបន្តដំណើរការអាជីវកម្មប្រកបដោយភាពត្រឹមត្រូវ ផ្អែកទៅតាមយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនអាណាព្យាបាលដើម្បីពង្រីកនិងចាប់យកចំណែកទីផ្សារថ្មីៗនៅក្នុងក្រុមប្រទេសរួមមានកម្ពុជា ឡាវ ភូមា និងវៀតណាម តាមរយៈបទពិសោធន៍អាជីវកម្មដ៏សម្បូរបែប ការបង្កើតនូវទម្រង់អាជីវកម្មថ្មីៗ និងការពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួន។
លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក នៃ ធនាគារ ហត្ថា បានមានប្រសាសន៍ឲ្យដឹងថា “ខ្ញុំពិតជាមានមោទនភាព និងសេចក្តីសោមនស្សរីករាយឥតឧបមា ដែលធនាគារ ហត្ថា បានបោះជំហានទៅមុខមួយកម្រិតទៀត។ ហើយនេះ គឺជាសក្ខីភាពមួយដែលសបញ្ជាក់ឲ្យឃើញថា យើងបាននឹងកំពុងតែផ្តល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពជឿជាក់ ច្បាស់លាស់ និងត្រឹមត្រូវតាមសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់ ដែលជាលទ្ធផល អាជីវកម្មរបស់យើងបន្តរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ”។ លោកបានបន្តទៀតថា “ ធនាគារ ហត្ថា បានប្តេជ្ញាប្រកបដោយភាពជឿជាក់ និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបម្រើសេវាកម្មជូនអតិថិជនប្រកបដោយភាពល្អឥតខ្ចោះ មានភាពសាមញ្ញ ងាយស្រួល និងទំនុកចិត្តខ្ពស់ តាមរយៈបុគ្គលិកដែលមានបទពិសោធន៍ ចំណេះ ជំនាញហរិញ្ញវត្ថុ និងវិជ្ជាជីវៈត្រឹមត្រូវ។ លើសពីនេះ ធនាគារ ហត្ថា បានដាក់ចេញនូវយុទ្ធសាស្រ្តអាជីវកម្ម ធនធានមនុស្ស ដើមទុន ប្រព័ន្ធធនាគារស្នូល ការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការអាជីវកម្ម ដើម្បីក្លាយជាធនាគារឈានមុខគេមួយ ដែលជួយគាំទ្រអតិថិជនឲ្យមានអនាគតល្អដូចមានន័យចែងក្នុងពាក្យស្លោករបស់យើងគឺ រួមគ្នាសាងអនាគតដ៏ប្រសើរ ”។ លោកឧកញ៉ា បានថ្លែងអំណរគុណដល់បញ្ញត្តិករអាណាព្យាបាល ជាពិសេស គឺធនាគារជាតិ នៃកម្ពុជា ដែលបានវាយតម្លៃ និងផ្តល់ទំនុកចិត្តខ្ពស់ដល់ធនាគារ ហត្ថា កន្លងមក និងបានថ្លែងអរគុណដល់ភាគទុនិក ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងទាំងអស់ ព្រមទាំងបុគ្គលិក និងអតិថិជនទាំងអស់ ដែលតែងតែជួយគាំទ្រ ជំរុញ និងលើកទឹកចិត្ត រហូតដល់យើងបានកម្លាយខ្លួនជាធនាគារពាណិជ្ជដោយជោគជ័យ។
ឆ្លៀតក្នុងឱកាសនោះ លោកឧកញ៉ា ក៏បានប្រកាសផងដែរអំពីសេវាកម្មថ្មីៗមួយចំនួនដែលនឹងផ្តល់ជូនអតិថិជនប្រើប្រាស់ក្រោយពេលក្លាយខ្លួនជា ធនាគារ ក្នុងនោះរួមមាន សេវាធនាគារចល័ត (Hattha Mobile) សេវាផ្ទេរប្រាក់ឆ្លងធនាគារ (Inter-bank Transfer) សេវាឥណទានវិបារូបន៍ (Overdraft Loan) និង សេវាបញ្ញើសន្សំផលច្រើន (HYSA Flexi និង HYSA Corporate)។
អំពី ធនាគារ ហត្ថា
ធនាគារ ហត្ថា មានបទពិសោធន៍ជាង ២៦ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ដោយចាប់ផ្តើមដំបូងជាគម្រោងសន្តិសុខស្បៀង និងបានបន្តវិវឌ្ឍខ្លួនជាបន្តបន្ទាប់ចាប់ពីពេលនោះមក។ បច្ចុប្បន្ន ធនាគារ ហត្ថា មានដើមទុនចុះបញ្ជីនៅធនាគារជាតិ នៃ កម្ពុជា ចំនួន ១១៥ លានដុល្លារអាមេរិក មានការិយាល័យសាខាចំនួន ១៧៧ ជាមួយនឹងម៉ាស៊ីនអេធីអឹមចំនួន ១៣៧ ទូទាំងប្រទេស បាននឹងកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែបដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ជាភ្នាក់ងារណែនាំលក់សេវាធានារ៉ាប់រង និងត្រៀមដាក់ជូនឲ្យប្រើប្រាស់នូវសេវាថ្មីៗបន្ថែមទៀតក្រោយការក្លាយខ្លួនជាធនាគារពាណិជ្ជរបស់ខ្លួនផងដែរ។ បច្ចុប្បន្ន ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី ៥ នៅព្រះរាជាណាចក្រថៃឡង់ន៍ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក។
អំពី ធនាគារក្រុងស្រ៊ី
ធនាគារក្រុងស្រ៊ី គឺជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលំដាប់ទី ៥ ផ្អែកលើទ្រព្យសកម្ម ផលប័ត្រឥណទាន និងប្រាក់បញ្ញើសន្សំ នៅក្នុងប្រទេសថៃឡង់ន៍ ដែលបានធ្វើប្រតិបត្តិការអាជីវកម្មជូនអតិថិជនរបស់ខ្លួនអស់រយៈពេលជាង ៧៥ ឆ្នាំ មកហើយ។ ធនាគារក្រុងស៊្រីគឺ ជាសមាជិកយុទ្ធសាស្ត្ររបស់សម្ព័ន្ធហិរញ្ញវត្ថុ MUFG ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបង្អស់នៅជប៉ុន ក៏ដូចជាសម្ព័ន្ធហិរញ្ញវត្ថុដ៏ធំក្នុងចំណោមក្រុមហ៊ុនធំៗផ្សេងទៀតនៅលើពិភពលោក។ ធនាគារក្រុងស៊្រី ផ្តល់ជូនអតិថិជនរបស់ខ្លួនយ៉ាងទូលំទូលាយនូវសេវាធនាគារ និងហិរញ្ញវត្ថុ ការវិនិយោគ ការគ្រប់គ្រងទ្រព្យសកម្ម និងសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត ទៅកាន់អតិថិជនជាបុគ្គល ជាក្រុមហ៊ុនតាមរយៈបណ្តាញការិយាល័យ ៦៨៣ ទីតាំង និង តំណាងចែកចាយចំនួន ៣៣ ៤៦១ ទីតាំង នៅទូទាំងប្រទេស។