សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម អាចកើនឡើងលើសប្រទេសថៃ ឥណ្ឌូនេស៊ី ឬហ្វីលីពីននៅប៉ុន្មានឆ្នាំខាងមុខទៀត នេះបើយោងតាមលោក C.K Tong នាយកប្រតិបត្តិក្រុមហ៊ុនឧស្សាហកម្មអភិវឌ្ឍន៍ BW ។
លោក Tong បាននិយាយនៅក្នុងសន្និសីទតាមអ៉ីនធឺណេតថា « ការរីករាលដាលនៃជំងឺ Covid-19 បានធ្វើឱ្យវៀតណាមកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនបរទេស »។ លោក Tong បានបន្ថែមថា មុនពេលមានការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ ក្រុមហ៊ុនជាច្រើនបានប្រកាន់យកយុទ្ធសាស្ត្រ “ ចិនបូក ១ ” ក្នុងគោលបំណងធ្វើពិពិធកម្មប្រតិបត្ដិការទៅក្នុងប្រទេសដទៃទៀតជំនួសឱ្យការផ្តោតតែលើប្រទេសចិន។ ថ្លៃដើមផលិតកម្មដែលកំពុងកើនឡើងនៅក្នុងប្រទេសចិន គួបផ្សំនឹងភាពតានតឹងពាណិជ្ជកម្មបច្ចុប្បន្នរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក បានពន្លឿនដំណើរការនេះក្នុងកំឡុងពេលដែលវៀតណាមទទួលបានគុណសម្បត្តិអំណោយផល ក្នុងការទទួលបានរលកថ្មីនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ពីយុទ្ធសាស្ត្រ “ ចិនបូក ១” ។

ប្រទេសវៀតណាម មានគុណប្រយោជន៍សំខាន់ ដោយសារស្ថិតនៅជិតប្រទេសចិនដែលមានភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មជាមួយចិន។ ម៉្យាងទៀត វាមានភាពស្រដៀងគ្នាខ្លះនៅក្នុងវប្បធម៌ និងវិធីសាស្ត្រផលិតរវាងវៀតណាម និងចិនដូច្នេះវានឹងមិនចំណាយពេលយូរសម្រាប់វិនិយោគិន ក្នុងការដោះស្រាយក្នុងករណីដែលពួកគេផ្លាស់ប្តូរផលិតកម្មទៅកាន់វៀតណាម។ លោក Nirukt Sapru នាយកប្រតិបត្តិធនាគារ Standard Chartered Bank ប្រចាំនៅប្រទេសវៀតណាមបាននិយាយថា វៀតណាមគឺជាច្រកមួយសម្រាប់វិនិយោគិន ដែលកំពុងស្វែងរកឱកាសធុរកិច្ចនៅក្នុងអាស៊ាន។ ដោយយោងទៅតាមការស្ទង់មតិបានឱ្យដឹងថា អ្នកឆ្លើយតប ៣៨% កំពុងគ្រោងពង្រីកបណ្តាញផ្គត់ផ្គង់របស់ពួកគេ នៅក្នុងប្រទេសវៀតណាមដែលជាអត្រាខ្ពស់បំផុតក្នុងចំណោមបណ្តាប្រទេសអាស៊ាន។

កាលពីថ្ងៃទី ២០ ខែសីហា ការវិនិយោគផ្ទាល់ពីបរទេសសម្រាប់គម្រោងថ្មីៗនៅវៀតណាម បានកើនឡើង ៦.៦% បើធៀបនឹងឆ្នាំមុន ខណៈគម្រោងដែលមានស្រាប់ត្រូវបានបន្ថែមកើនឡើង ២២.២% ។ សម្រាប់លំហូរវិនិយោគថ្មីប្រទេសវៀតណាម បាននឹងកំពុងរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សដូច្នេះប្រទេសនេះអាចផ្តល់នូវការលើកទឹកចិត្ត និងភាពងាយស្រួលសម្រាប់វិនិយោគិន ក៏ដូចជាបង្កើនការប្រកួតប្រជែងថ្នាក់ជាតិរបស់ខ្លួន ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស។ គួរឱ្យដឹងផងដែរថា វៀតណាមបានកំណត់គោលដៅកំណើនផលិតផលក្នុងស្រុកសរុបជាមធ្យម ៧% ក្នុងមួយឆ្នាំ ដែលក្នុងនោះការកែច្នៃ និងផលិតកម្មនឹងចូលរួមចំណែក ៣០% នៃ GDP ហើយសេដ្ឋកិច្ចឌីជីថលនឹងកើនឡើង ៣០% នៅឆ្នាំខាងមុខ៕
អត្ថបទ៖ នីតា
ប្រភព៖ hanoitimes


