ឥណ្ឌូនេស៊ីត្រៀមលុយជាង ២.៧ ពាន់លានដុល្លារ លើការផលិតវ៉ាក់សាំងខ្លួនឯង និងទិញវ៉ាក់សាំងផ្សេងពីបរទេស
សេដ្ឋកិច្ច September 8, 2020 Chan Sreyny

រដ្ឋាភិបាលឥណ្ឌូនេស៊ី បានកំណត់ទឹកប្រាក់ចំនួន ៣.៨ ទ្រីលានរ៉ូពី (២៥៦.៨ លានដុល្លារ) សម្រាប់ការទូទាត់ការទិញវ៉ាក់សាំងការពារជំងឺរាតត្បាត Covid-19 នេះបើយោងតាមប្រសាសន៍របស់រដ្ឋមន្ត្រីសេដ្ឋកិច្ចសម្របសម្រួលឥណ្ឌូណេស៊ីលោក Airlangga Hartanto ។

នៅក្នុងសន្និសីទសារព័ត៌មានតាមអ៉ីនធឺណេតលោកបាននិយាយថា រដ្ឋាភិបាលគ្រោងនឹងចំណាយប្រាក់ចំនួន ៣៧ ទ្រីលានរ៉ូពី (២.៥១ ពាន់លានដុល្លារ) នៅឆ្នាំក្រោយសម្រាប់កម្មវិធីអភិវឌ្ឍវ៉ាក់សាំងរយៈពេលច្រើនឆ្នាំ។ រដ្ឋាភិបាលកំពុងសំឡឹងមើលវ៉ាក់សាំង ដែលមានសក្តានុពលជាច្រើនដែលកំពុងត្រូវបានអភិវឌ្ឍ។ យោងតាមលោក ​​Airlangga បានឱ្យដឹងថា ឥណ្ឌូណេស៊ីគ្រោងនឹងផ្គត់ផ្គង់វ៉ាក់សាំង Sinovac ចំនួន ២៩០ លានដូសនៅឆ្នាំក្រោយ និង ៣០ លានដូសនៃវ៉ាក់សាំង G42 នៅឆ្នាំនេះ។ លោកពន្យល់ថា ក្រសួងសុខាភិបាលគ្រោងនឹងរៀបចំដំណើរការចាក់វ៉ាក់សាំងដែលរំពឹងថា នឹងចាប់ផ្តើមនៅដើមឆ្នាំក្រោយ។

គួរឱ្យដឹងផងដែរថា ក្រៅពីបណ្តាប្រទេសមួយចំនួនដូចជា៖ ប្រេស៊ីល និងបង់ក្លាដែស ក្រុមហ៊ុន PT Bio Farma និង Sinovac រួមជាមួយសាកលវិទ្យាល័យ Padjadjaran (Unpad) នៅទីក្រុង Bandung, កោះចាវ៉ាខាងលិច កំពុងបើកការសាកល្បងពិសោធន៍ដំណាក់កាលទី៣ សម្រាប់វ៉ាក់សាំង Covid-19 ដែលជាដំណាក់កាលចុងក្រោយនៃការសាកល្បងលើមនុស្ស ក្នុងអំឡុងពេលដែលវ៉ាក់សាំងត្រូវបានផ្តល់ឱ្យមនុស្សរាប់ពាន់នាក់ ដើម្បីបញ្ជាក់ និងពង្រីកលទ្ធផលលើសុវត្ថិភាព និងប្រសិទ្ធភាពពីការសាកល្បងដំណាក់កាលទី១ និងទី២ ៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus