ក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) បានឲ្យដឹងថា ការសិក្សាលើការកសាងផ្លូវល្បឿនលឿនភ្ជាប់ពីភ្នំពេញទៅក្រុងបាវិតជាប់ព្រំដែនប្រទេសវៀតណាមត្រូវបានបញ្ចប់។ របាយការណ៍ស្ដីពីការសិក្សាដែលធ្វើឡើងដោយក្រុមហ៊ុន China Railway International Group Co. , Ltd ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំមួយដែលបានធ្វើឡើងនៅថ្ងៃទី០៧ ខែកញ្ ញាក្រោមអធិបតីភាពរបស់លោក សូរ វិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។
ផ្អែកលើរបាយការណ៍នេះមានជំរើសបីសម្រាប់ការស្ថាបនាផ្លូវល្បឿនលឿន ហើយបើយោងតាមក្រសួង រដ្ឋាភិបាលនឹងសិក្សាយ៉ាងហ្មត់ចត់នូវជំរើសទាំងបី ដើម្បីជ្រើសរើសជំរើសមួយឲ្យបានត្រឹមត្រូវដោយគិតគូរពីផលប៉ះពាល់សង្គម និងសេដ្ឋកិច្ច រួមទាំងថវិកាសាងសង់។ យ៉ាងណាមិញក្រុមហ៊ុននឹងដាក់របាយការណ៍ហិរញ្ញវត្ថុនៃការស្ថាបនាផ្លូវល្បឿនលឿននៅពាក់កណ្តាលខែតុលាឆ្នាំនេះ។

(រូបតំណាង)
ជាមួយគ្នានេះនៅពេលសាងសង់ត្រូវបានបញ្ចប់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងក្លាយជាផ្លូវល្បឿនលឿនទី២ របស់ព្រះរាជាណាចក្របន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដែលមានប្រវែង ១៩០ គីឡូម៉ែត្រ។ សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនចិនបានចាប់ផ្តើមសិក្សាលើការសាងសង់នេះកាលពីខែធ្នូឆ្នាំមុន ដោយផ្លូវល្បឿនលឿនភ្នំពេញ-បាវិតមានប្រវែងជាង ១៣៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញឆ្លងកាត់ខេត្តកណ្តាល ព្រៃវែងនិងស្វាយរៀងមុននឹងទៅដល់ក្រុងបាវិតខេត្តស្វាយរៀង។ នៅពេលដំណើរការរួចផ្លូវល្បឿនលឿនអាចអនុញ្ញាតឱ្យមានល្បឿនអតិបរមា ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង៕


ប្រភព៖ ក្រសួងព័ត៌មាន


