រដ្ឋាភិបាលឥណ្ឌូនេស៊ី បន្តផ្ដល់ជំនួយដល់អាជីវកម្មខ្នាតតូចចំនួន ៣ លានបន្ថែមទៀត ដែលរងគ្រោះដោយជំងឺ Covid-19
សេដ្ឋកិច្ច September 7, 2020 Chan Sreyny

រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងស្វែងរកការពង្រីកកម្មវិធីជំនួយអាជីវកម្ម ដល់សហគ្រាសធុនតូចប្រមាណ ៣ លានបន្ថែមទៀត ដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺ Covid-19 ដោយការរៃអង្គាសមូលនិធិពីកម្មវិធីផ្សេងទៀត នៅក្នុងផែនការជម្រុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។

ការពង្រីកនេះ រដ្ឋាភិបាលគ្រោងឥណ្ឌូនេស៊ីនឹងបង្កើនការបែងចែកថវិកាចាប់ពី ២២ ទ្រីលានរូពី (ជាង ១ ពាន់លានដុល្លារ) ដល់ ៣៦ ទ្រីលានរូពី។ កម្មវិធីនេះ មានគោលបំណងជាពិសេសសម្រាប់អាជីវកម្មខ្នាតតូច ដែលមានបញ្ហាក្នុងការទទួលប្រាក់កម្ចីពីធនាគារ ឬមិនមានគណនីធនាគារទាល់តែសោះ។ ខណៈសេដ្ឋកិច្ចឥណ្ឌូនេស៊ី ពឹងផ្អែកយ៉ាងខ្លាំងទៅលើអាជីវកម្មខ្នាតតូចដែលមានចំនួនច្រើនជាង ៦០% នៃផលិតផលក្នុងស្រុកសរុប និងប្រើប្រាស់កម្លាំងពលកម្មភាគច្រើន។

ជំនួយនេះ បានកើតឡើងនៅពេលដែលអាជីវកម្មខ្នាតតូចជាច្រើនតស៊ូដំណើរការក្នុងអំឡុងពេលមានជំងឺរាតត្បាត ដែលបានធ្វើឱ្យសេដ្ឋកិច្ចបានធ្លាក់ចុះ ៥.៣២% បើធៀបនឹងឆ្នាំមុននៅក្នុងត្រីមាសទី២ ។ យោងតាមការស្ទង់មតិលើអាជីវកម្មចំនួន ១.១៦៥ ដែលធ្វើឡើងនៅចន្លោះខែមេសា និងឧសភា ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ៩១.៨% នៃអាជីវកម្មខ្នាតតូចបាននិយាយថា ពួកគេត្រូវការប្រាក់កម្ចីដោយគ្មានការប្រាក់ ឬទ្រព្យបញ្ចាំហើយ ៨៩.៥% ចង់បានជំនួយ ឬជំនួយជាសាច់ប្រាក់។

រដ្ឋាភិបាលបានត្រៀមថវិកាចំនួន ១២៣.៤៧ ទ្រីលានរូពីក្នុងថវិការដ្ឋសម្រាប់អាជីវកម្មខ្នាតតូច ដែលជាផ្នែកមួយនៃកម្មវិធីជម្រុញសេដ្ឋកិច្ចរបស់ខ្លួន។ លោកប្រធានាធិបតី Joko “Jokowi” Widodo បានចាប់ផ្តើមកម្មវិធីជំនួយអាជីវកម្មខ្នាតតូច កាលពីថ្ងៃទី ២៥ ខែសីហា ដោយផ្តល់ជំនួយដល់អាជីវកម្មខ្នាតតូចចំនួន ១ លានកន្លែងនៅទូទាំងប្រទេស។​ គិតត្រឹមថ្ងៃទី ២ ខែកញ្ញា រដ្ឋាភិបាលបានចំណាយប្រាក់ចំនួន ១៣ ទ្រីលានរូពី ឬប្រហែល ៦១% នៃថវិកាដំបូងរបស់ខ្លួនចំនួន ២២ ទ្រីលានរូពី។ ថវិកានេះ ត្រូវបានផ្តល់ទៅឱ្យសហគ្រាសខ្នាតតូចចំនួន ៩.១ លានដែលមិនទាន់បានទទួលនូវជំនួយណាមួយពីរដ្ឋាភិបាល រួមទាំងប្រាក់ឧបត្ថម្ភអត្រាការប្រាក់ ឬការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ៕

អត្ថបទ៖ នីតា
ប្រភព៖ thejakartapost