សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ដែលមានទីតាំងនៅខេត្តសៀមរាប ដែលស្ថិតនៅខាងកើតប្រាង្គប្រាសាទបាគងមានចម្ងាយជាង ១០០ម៉ែត្រ មកដល់ពេលនេះបានបង្ហាញរូបរាងជាបណ្តើរៗហើយ នឹងទទួលបានភ្ញៀវទេសចរចូលទស្សនាកម្សាន្តជាបន្តបន្ទាប់ចាប់តាំងពីបានប្រើប្រាស់រយៈពេល ១០ ឆ្នាំ សម្រាប់ការរៀបចំបង្កើតសហគមន៍នេះឡើង។
លោក សូត្រ សូរ តំណាងសហគមន៍បាគងភូមិខ្ញុំ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងសហគមន៍កាលថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២០ បានបង្ហាញអំពីគម្រោងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍បង្កើតថ្មីមួយនេះ ក្រោមការចូលរួមគាំទ្រពីសំណាក់អាជ្ញាធរខេត្ត ស្រុក អាជ្ញាធរជាតិអប្សរា មន្ទីរទេសចរណ៍ និងដៃគូពាក់ព័ន្ធដទៃទៀតផងដែរ ជាពិសេសនោះគឺ វត្តមានរបស់ប្រជាសហគមន៍ប្រមាណជា១៥០គ្រួសារ។

លោក សូត្រ សូរ បន្តថា សម្រាប់ផែនការទៅថ្ងៃអនាគតសហគមន៍អាចនឹងជ្រើសរើសផ្ទះប្រជាពលរដ្ឋដែលមានស្រាប់ កែលម្អបន្ទប់ដេក បំពាក់ភ្លើងអំពូល គ្រែ ពូក ដើម្បីបម្រើសេវាកម្មផ្ទះស្នាក់សម្រាប់ភ្ញៀវទេសចរ និងបង្កើតកម្មវិធីផ្សេងៗទៀតដូចជា៖ ជិះកង់ ជិះរទះគោ ស្ទូចត្រី ដាក់បង្កៃ រាយមង ស្ទូង ដកស្រូវ ដែលជាប្រពៃណីរស់នៅរបស់ប្រជាសហគមន៍។ ទាំងនេះគឺជាវិធីសាស្រ្ត សម្រាប់ការអូសបន្លាយពេលវេលាស្នាក់នៅកម្សាន្តរបស់ភ្ញៀវទេសចរផ្តល់ប្រាក់ចំណូលដល់សហគមន៍បានច្រើនដោយផ្ទាល់។ បច្ចុប្បន្ននេះសហគមន៍បាគងភូមិខ្ញុំ មានឈើប្រណីតជាង ១០០ ប្រភេទស្មើនឹងជាង ៨,០០០ដើម ត្រូវបានដាំនៅទីនោះលើផ្ទៃដីប្រមាណ ១០ ហិកតា និងមានបឹងមួយដែលអាចឱ្យភ្ញៀវទេសចរជិះទូកកម្សាន្តបានផងដែរ។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាបមានប្រសាសន៍ថា ស្រុកប្រាសាទបាគង គឺជាមូលដ្ឋានមរតកទេសចរណ៍មួយដែលមានសត្តានុពលស្រាប់ទាំងបេតិកភណ្ឌ វប្បធម៌ ប្រពៃណី និងធម្មជាតិ។ ដូចនេះសហគមន៍ត្រូវមានទស្សនវិស័យ និងបេសកកម្មច្បាស់លាស់ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។ ព្រោះថា បច្ចុប្បន្ននេះ ភ្ញៀវទេសចរជាតិយើងមានការចាប់អារម្មណ៍ច្រើន ចំពោះវិស័យទេសចរណ៍សហគមន៍។ ដូច្នេះ ពួកគាត់អាចជិះកង់មកស្នាក់នៅទទួលទានអាហារបែបជនបទ រួមជាមួយធម្មជាតិនៅជុំវិញខ្លួនដ៏ស្រស់បំព្រង។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានមានប្រសាសន៍ថា នេះជាយុទ្ធសាស្រ្តមួយក្នុងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ តាមរយៈការបង្កើតការងារឱ្យពួកគាត់ធ្វើក្នុងវិស័យទេសចរណ៍សហគមន៍នេះ។ លោកបន្តថា មន្ទីរទេសចរណ៍នឹងជួយរៀបចំឱ្យសហគមន៍បាគងភូមិខ្ញុំនេះ មានស្តង់ដារហើយភ្ញៀវទេសចរនឹងមកកម្សាន្តនៅទីនេះច្រើន និងបានផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋដោយផ្ទាល់៕

ប្រភព៖ ក្រសួងព័ត៌មាន


