ក្រសួងសុខាភិបាលហ្វីលីពីនបាននិយាយកាលពីពេលថ្មីនេះថា ខ្លួននឹងជួបតំណាងក្រុមហ៊ុនផលិតថ្នាំអាមេរិក Pfizer Inc និងស្ថានទូតរុស្ស៊ី ខណៈប្រទេសហ្វីលីពីនកំពុងស្វែងរកការផ្គត់ផ្គង់វ៉ាក់សាំងជំងឺ Covid-19 ។
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានសន្យាថា ប្រទេសដែលមានករណីឆ្លងជំងឺ Covid-19 ច្រើនបំផុតមួយនេះ នឹងវិលមករកភាពធម្មតាវិញនៅខែធ្នូ ដោយលោកបានបង្ហាញក្តីសង្ឃឹមរបស់លោក លើការទទួលថ្នាំបង្ការដែលមានតំលៃសមរម្យពីប្រទេសចិន និងរុស្ស៊ី។ រដ្ឋាភិបាលហ្វីលីពីន គ្រោងនឹងទិញថ្នាំចំនួន ៤០ លានដូសក្នុងតម្លៃ ៤០០ លានដុល្លារអាមេរិកសម្រាប់ប្រជាជនចំនួន ២០ លាននាក់ ដែលប្រហែល ១/៥ នៃចំនួនប្រជាជន ១០៧ លាននាក់របស់ខ្លួន។

គួរឱ្យដឹងផងដែរថា មន្ត្រីសុខាភិបាលសាធារណៈអាមេរិក និង Pfizer បាននិយាយថា វ៉ាក់សាំង Covid-19 អាចត្រៀមខ្លួនសម្រាប់ចែកចាយនៅសហរដ្ឋអាមេរិកនៅខែក្រោយ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិកបានស្នើសុំឱ្យរដ្ឋនានា ត្រៀមចែកចាយវ៉ាក់សាំងដល់តំបន់ដែលមានហានិភ័យខ្ពស់នៅចុងខែតុលា ខាងមុខនេះ៕
អត្ថបទ៖ នីតា
ប្រភព៖ straitstimes


