ប្រទេសឡាវនឹងប្រគល់ការគ្រប់គ្រងភាគច្រើននៃបណ្ដាញអគ្គិសនីរបស់ខ្លួនទៅឲ្យក្រុមហ៊ុនចិនមួយ ខណៈដែលខ្លួនកំពុងព្យាយាមដោះស្រាយបំណុលដែលអាចកើតមាន នេះបើយោងតាមការបង្ហើបរបស់អ្នកដែលជាប់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនៃបណ្ដាញអគ្គិសនីនេះ។
កិច្ចព្រមព្រៀងនេះធ្វើឡើងចំពេលដែលក្រុមរិះគន់ចោទប្រកាន់ក្រុងប៉េកាំងថា « ការទូតអន្ទាក់បំណុល » ដើម្បីទទួលបានអត្ថប្រយោជន៍ជាយុទ្ធសាស្រ្តនៅក្នុងប្រទេសដែលកំពុងព្យាយាមសងប្រាក់កម្ចី ដែលបានធ្វើឡើងក្រោមគំនិតផ្ដួចផ្ដើមហេដ្ឋារចនាសម្ព័ន្ធ « ខ្សែក្រវាត់ និងផ្លូវ » របស់ប្រធានាធិបតី ស៊ី ជិនពីង។ ប្រទេសចិន គឺជាម្ចាស់បំណុលធំបំផុតរបស់ប្រទេសឡាវ ហើយកិច្ចព្រមព្រៀងនេះនឹងចងជើងប្រទេសដែលមានភ្នំជាច្រើន និងមានប្រជាជន ៧លាននាក់ឲ្យកាន់តែជិតជាងមុន។

យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ មិនបានផ្តល់ព័ត៌មានលម្អិតអំពីភាពជាម្ចាស់ភាគហ៊ុនថ្មីនេះទេ ប៉ុន្តែបានឲ្យដឹងថា ម្ចាស់ភាគហ៊ុនអគ្គិសនីបានចុះហត្ថលេខានៅថ្ងៃអង្គារនេះរវាងក្រុមហ៊ុនអគ្គិសនីរដ្ឋឡាវ និងក្រុមហ៊ុនចិនភាគខាងត្បូង Power Grid.Co។ ដោយឡែកបើយោងតាមអ្នកដែលជាប់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនៃបណ្ដាញអគ្គិសនីនេះបានឲ្យដឹងថា ខ្លួននឹងផ្តល់ការគ្រប់គ្រងភាគច្រើននៃក្រុមហ៊ុនបញ្ជូនអគ្គិសនីថ្មីទៅឱ្យក្រុមហ៊ុនចិន។
ការនាំចេញថាមពល គឺជាចំណុចសំខាន់នៃផែនការអភិវឌ្ឍរបស់ប្រទេសឡាវ ខណៈកិច្ចព្រមព្រៀងនេះវានឹងផ្តល់អំណាចដល់បណ្តាញអគ្គិសនីរបស់ប្រទេសឡាវជាមួយបណ្តាប្រទេសក្នុងតំបន់ ហើយចាប់ផ្តើមរកប្រាក់ចំណេញ។ ប្រទេសឡាវបានចំណាយថវិកាយ៉ាងច្រើនទៅលើគម្រោងវារីអគ្គិសនី ដែលត្រូវបានផ្តល់ហិរញ្ញប្បទានជាច្រើនដោយប្រទេសចិន ក្នុងគោលបំណងដើម្បីក្លាយជា មជ្ឈមណ្ឌលថាមពលនៃអាស៊ីអាគ្នេយ៍ ។ ប៉ុន្តែគម្រោងទាំងនោះរួមជាមួយផ្លូវដែកល្បឿនលឿនថ្មីរបស់ចិន គឺស្ថិតនៅចំកណ្តាលនៃវិបត្តិបំណុល។

គួរបញ្ជាក់ផងដែរថា ធនាគារពិភពលោកបានប៉ាន់ប្រមាណនៅក្នុងខែមិថុនាថា កម្រិតបំណុលនឹងកើនឡើងដល់ ៦៨% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២០ ពី ៥៩% កាលពីឆ្នាំមុន។ ហើយទីភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ Moody’s Investors Service បានព្រមានកាលពីខែមុនថា « ប្រូបាប៊ីលីតេក្នុងការខកខានមិនបានបំពេញកាតព្វកិច្ចជាពិសេសសងប្រាក់កម្ចីរបស់ប្រទេសឡាវ អាចនឹងកើតមានក្នុងរយៈពេលដ៏ខ្លី »។

ខណៈពេលដែលប្រទេសឡាវមានករណីឆ្លងវីរុស Covid-19 តែ ២២ករណី និងគ្មានអ្នកស្លាប់ដោយសារការរាតត្បាតនេះទេ ប៉ុន្តែបានប៉ះពាល់ដល់វិស័យទេសចរណ៍ និងការបញ្ជូនប្រាក់ទៅបរទេសយ៉ាងខ្លាំង។ យោងតាមធនាគារកណ្តាលបានឱ្យដឹងថា កាតព្វកិច្ចនៃសេវាកម្មបំណុលរបស់ឡាវនៅឆ្នាំ២០២០ មានប្រហែល ១.២ពាន់លានដុល្លារ ដោយនឹងបូកបន្ថែមប្រាក់កម្ចីពីធនាគារពាណិជ្ជកម្ម និងមូលបត្របំណុលថៃ នៅខែកញ្ញា និងតុលាប៉ុន្តែទុនបម្រុងបរទេសមានត្រឹមតែ ៨៦៤ លានដុល្លារប៉ុណ្ណោះនៅក្នុងខែមិថុនា នេះបើយោងតាមធនាគារកណ្ដាលឡាវ៕
អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


