រដ្ឋាភិបាលថៃបានសន្យាថា នឹងលុបចោលការកំណត់តម្លៃទ្វេដង (dual pricing) លើជនបរទេសឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈពេលដែលជនបរទេសមិនអាចទទួលបានប្រាក់លើកទឹកចិត្តពីកញ្ចប់ជំរុញទេសចរណ៍ដូចប្រជាពលរដ្ឋថៃ។ តម្លៃទ្វេដង (dual pricing) គឺជាការអនុវត្តនៃការកំណត់តម្លៃខុសគ្នានៅក្នុងទីផ្សារផ្សេងៗគ្នា សម្រាប់ផលិតផល ឬ សេវាកម្មតែមួយ។ យុទ្ធសាស្រ្តនេះអាចត្រូវបានប្រើដោយអាជីវកម្មសម្រាប់ហេតុផលជាច្រើន ឧទាហរណ៍ដូចជា នៅតាមប្រទេសនីមួយៗ ជាពិសេសនៅតាមតំបន់ទេសចរណ៍គឺមានតម្លៃសម្រាប់ភ្ញៀវបរទេស និងភ្ញៀវជាតិ។
លោក Yuthasak Supasorn អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃ (TAT) បានមានប្រសាសន៍ថា យុទ្ធនាការជំរុញការធ្វើដំណើររួមគ្នារបស់យើងត្រូវបានអនុវត្តដោយថវិកាពីច្បាប់កំចីដែលមានពេលវេលា និងគោលបំណងច្បាស់លាស់ ដែលពិបាកក្នុងការរួមបញ្ចូលជនបរទេស។ ប៉ុន្តែ TAT នឹងពិភាក្សាអំពីការបញ្ឈប់តម្លៃទ្វេដង សម្រាប់ជនបរទេស ជាមួយឧទ្យានជាតិសត្វព្រៃ និងអភិរក្សរុក្ខជាតិ ក៏ដូចជាតំបន់ទេសចរណ៍ល្បីៗ។

លោកបានបន្តថា ការផ្លាស់ប្តូរនេះនឹងអនុញ្ញាតឱ្យជនបរទេសសន្សំប្រាក់ដែលធ្វើឲ្យពួកគេចំណាយកាន់តែច្រើន ជាគោលដៅសំខាន់ដើម្បីជំរុញទេសចរណ៍ក្នុងស្រុក ហើយទីភ្នាក់ងារនេះចង់ណែនាំឲ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណដើម្បីបញ្ជាក់ពីស្ថានភាពជនបរទេស និងជួយសម្គាល់ពួកគេពីភ្ញៀវទេសចរ ដូច្នេះពួកគេនឹងត្រូវបានគិតថ្លៃដូចអ្នកស្រុកដែរ។

គួរឲ្យដឹងផងដែរថា ប័ណ្ណទេសចរណ៍បរទេសនឹងត្រូវចេញដោយ អាជ្ញាធរទេសចរណ៍ថៃ (TAT) ទីភ្នាក់ងារសង្ឃឹមថានឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយនាយកដ្ឋាននីមួយៗដែលកាន់កាប់កន្លែងកម្សាន្តសម្រាប់ភ្ញៀវទេសចរ ដើម្បីកំណត់តម្លៃស្តង់ដារក្នុងស្រុកសម្រាប់អ្នកកាន់ប័ណ្ណទាំងនោះជាអចិន្ត្រៃយ៍ មិនត្រឹមតែក្នុងពេលមានជំងឺរាតត្បាតកូវីដ-១៩ ប៉ុណ្ណោះទេ។

សូមបញ្ជាក់ផងដែរថា យោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT) ៦០% នៃជនបរទេស ២ លាននាក់ ដែលកំពុងរស់នៅក្នុងប្រទេសថៃមកពីអាស៊ីដែលក្នុងនោះ ១៥ ម៉ឺននាក់ជាជនជាតិចិន បន្ទាប់មកជនជាតិជប៉ុន (៧ ម៉ឺន) និងជនជាតិកូរ៉េខាងត្បូង (២ម៉ឺន នាក់)។ នាពេលបច្ចុប្បន្នទីភ្នាក់ងារនេះសហការជាមួយ Alipay និង Fliggy ដែលជាវេទិកាធ្វើដំណើរពីប្រទេសចិនដើម្បីលើកកម្ពស់យុទ្ធនាការទេសចរណ៍ក្នុងស្រុកសម្រាប់ជនបរទេសរបស់ចិន៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


