ក្រុមប្រឹក្សាប្រាក់ឈ្នួលជាតិបានណែនាំដល់រដ្ឋាភិបាលឱ្យរក្សាប្រាក់ឈ្នួលអប្បបរមាឱ្យនៅដដែលរហូតដល់ចុងឆ្នាំ ២០២១ ជំនួសឱ្យការដំឡើងប្រាក់ខែតាមការគ្រោងទុក។ មូលហេតុដែលបណ្ដាលក្រុមប្រឹក្សាណែនាំដូច្នេះ គឺដោយសារតែចំនួនសហគ្រាសដែលបានរងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតរ៉ាំរ៉ៃ (COVID-19) និងកំពុងប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុ។
បើតាមសេចក្ដីរាយការណ៍មួយបានឲ្យដឹងថា ការរក្សាប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្ននឹងបង្កើនលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសក្នុងការងើឡើងវិញ និងធានានូវជីវភាពរស់នៅរបស់នយោជិក។ បច្ចុប្បន្ននេះប្រាក់ឈ្នួលអប្បបរមាប្រចាំខែគឺ ៤.៤២ លានដុង (១៩១ ដុល្លារអាមេរិក) សម្រាប់នយោជិកនៅហាណូយ និងទីក្រុងហូជីមិញ ហើយប្រាក់ចំនួន ៣.៩២ លានដុង (១៦៧ ដុល្លារ) សម្រាប់អ្នករស់នៅតាមទីក្រុងមួយចំនួនដូចជា កាន់ថូ ដាណាង និងហៃផុង។

ដោយឡែកនៅតាមបណ្ដាខេត្តដូចជា បាក់នីញ បាក់ជាំង និងហៃដុង កម្រិតប្រាក់ឈ្នួលត្រូវបានកំណត់ត្រឹម ៣.៣៣ លានដុង (១៤១ ដុល្លារ) ក្នុងមួយខែ ខណៈពេលដែលនយោជិកនៅសេសសល់ក្នុងប្រទេសទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន ៣.០៧ លានដុង (១៣១ ដុល្លារ) ដោយប្រាក់ឈ្នួលអប្បបរមាថ្នាក់តំបន់ត្រូវបានអនុវត្តចាប់តាំងពីថ្ងៃទី០១ ខែមករាឆ្នាំ ២០២០ ។
គួរបញ្ជាក់ផងដែរថា កាលពីខែមុនសហព័ន្ធការងារទូទៅរបស់វៀតណាមបានស្នើជម្រើសពីរគឺ បង្កើនប្រាក់ឈ្នួលអប្បបរមាជាមធ្យម ៣.៩៥% ចាប់ពីថ្ងៃទី០១ ខែកក្កដាឆ្នាំ ២០២១ ឬ ២.៥% ចាប់ពីថ្ងៃទី០១ ខែមករាឆ្នាំ ២០២១។ មួយវិញទៀត គឺការកែសម្រួលប្រាក់ឈ្នួលនឹងផ្អែកលើការងើបឡើងវិញនៃសេដ្ឋកិច្ច បន្ទាប់ពីការរីករាលដាលនៃវីរុសកូវីដ-១៩ និងស្ថានភាពសេដ្ឋកិច្ចពិភពលោក។

ក្រសួងការងារយុទ្ធជនពិការ និងសង្គមកិច្ចបានរាយការណ៍ថា ជំងឺរាតត្បាតបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថានភាពសេដ្ឋកិច្ច សង្គម នៅក្នុងប្រទេសក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ។ សេដ្ឋកិច្ចត្រូវបានគេរំពឹងថានឹងបន្តរងទុក្ខសម្រាប់រយៈពេលដែលនៅសល់ដោយភាពមិនប្រាកដប្រជា។ ជាក់ស្តែងផលិតផលក្នុងស្រុកសរុបកើនឡើងត្រឹមតែ ១.៨១% ប៉ុណ្ណោះបើប្រៀបធៀបនឹងគោលដៅ ៦.៨% នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ និង ០.៣៦% នៅក្នុងត្រីមាសទី ២ ។
ចំនែកឯទីផ្សារការងារទៀតសោត ត្រូវបានគេវាយតម្លៃថា មិនមានស្ថេរភាពនៅឆ្នាំនេះទេ ដោយក្នុងរយៈពេល ៦ ខែដំបូងកម្មករប្រហែល ១.២ លាននាក់គ្មានការងារធ្វើ ដែលក្នុងនោះមានយុវជនជាង ៤៥១,៦០០ នាក់ស្មើនឹង ៣៦.៨% នៃចំនួនកម្មករសរុប។ អត្រាគ្មានការងារធ្វើបានឈានដល់កំរិតខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំ ដោយសារការធ្លាក់ចុះតម្រូវការ។ ខណៈសហគ្រាសជាង ១១.៦% ត្រូវបានគេព្យាករណ៍ថានឹងកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួននៅក្នុងត្រីមាសទី៣ នៃឆ្នាំនេះ។

ក្រុមប្រឹក្សាប្រាក់ឈ្នួលជាតិវាយតម្លៃថា សហគ្រាសកំពុងប្រឈមនឹងការលំបាកជាច្រើន ជាពិសេសវិស័យនាំចេញ គឺរងផលប៉ះពាល់ខ្លាំងបំផុត ដោយកិច្ចសន្យាជាច្រើនត្រូវបានខូចនៅត្រីមាសទី៣ នៃឆ្នាំនេះ។ ហើយចក្ខុវិស័យនាំចេញសម្រាប់ឆ្នាំ២០២១ នៅតែមិនទាន់ដឹងនៅឡើយ។ ដូច្នេះជាលទ្ធផលក្រុមប្រឹក្សាប្រាក់ឈ្នួលជាតិបានណែនាំថា ប្រាក់ឈ្នួលអប្បបរមាមិនគួរផ្លាស់ប្ដូរទេ។ កម្មករសហគ្រាស និងរដ្ឋគួរតែធ្វើការរួមគ្នាដើម្បីធានានូវជីវភាពរស់នៅ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្ម ដើម្បីជំនះរាល់ការលំបាកទាំងនេះឆ្ពោះទៅរកការងើបឡើងវិញនៃសេដ្ឋកិច្ច៕
អត្ថបទ៖ លីនី
ប្រភព៖ vietnaminsider


