អ្នកជំនាញជប៉ុន កំពុងអំពាវនាវឱ្យមានការវិនិយោគក្នុងគម្រោងនានាលើការប្រែប្រួលអាកាសធាតុ
សេដ្ឋកិច្ច September 3, 2020 Chan Sreyny

អ្នកជំនាញ និងអ្នកជំនួញជនជាតិជប៉ុនមួយចំនួន កំពុងអំពាវនាវឱ្យមានការវិនិយោគកាន់តែច្រើននៅក្នុងគម្រោងនានា ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ក្រសួងចំនួន ២ ស្ថិតនៅក្រោមក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្មរបស់ជប៉ុន​ បានចាប់ផ្តើមពិនិត្យឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេស ដើម្បីប្រឆាំងនឹងការឡើងកំដៅផែនដី។

យោងទៅលើការព្យាករណ៍មួយបានឱ្យដឹងថា ការបំភាយឧស្ម័នកាបូនឌីអុកស៊ីតនៅក្នុងឆ្នាំ ២០២០ នឹងធ្លាក់ចុះ ៨% បើធៀបនឹងឆ្នាំមុន។ កត្តាធ្លាក់ចុះនេះ ដោយសារតែសកម្មភាពសេដ្ឋកិច្ចជាប់គាំង ខណៈពេលដែលមានការរីករាលដាលនៃជំងឺ Covid-19 ។ សមាជិកនៃក្រុមអ្នកជំនួញជប៉ុនបានបញ្ជាក់ថា កម្រិតនៃការកាត់បន្ថយនេះគឺត្រូវការជារៀងរាល់ឆ្នាំ ដើម្បីសម្រេចបានគោលដៅរបស់អង្គការសហប្រជាជាតិ ក្នុងការរក្សាសីតុណ្ហភាពពិភពលោកឱ្យនៅ ១.៥ អង្សាសេពីកម្រិតមុនបដិវត្តឧស្សាហកម្ម។

ទន្ទឹមនឹងនេះ សមាជិកជាច្រើនបាននិយាយថា ការវិនិយោគទាក់ទងនឹងការកាត់បន្ថយកំដៅផែនដី ក៏នឹងមានសារៈសំខាន់ចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ចផងដែរ។ ប្រទេសជប៉ុន គ្រោងនឹងរៀបចំសេចក្តីព្រាងគោលនយោបាយផ្លាស់ប្តូរអាកាសធាតុថ្មី នៅមុនពេលធ្វើសន្និសីទរបស់អង្គការសហប្រជាជាតិស្តីពីវិបត្តិ​ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ ៕

អត្ថបទ៖ នីតា
ប្រភព៖ nhk