ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០២១ ប្រហែលជាមិនមានភាពពេញលេញដូចកាលពីមុននោះទេ នេះបើយោងតាមប្រសាសន៍របស់លោកស្រី Sri Mulyani Indrawati រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី។
លោកស្រី Sri Mulyani បានថ្លែងកាលពីថ្ងៃពុធ ទី ២ ខែកញ្ញា ថាខណៈពេលដែលរដ្ឋាភិបាលរំពឹងថា វ៉ាក់សាំងនឹងមានសម្រាប់សាធារណជននៅឆមាសទី២ នៃឆ្នាំក្រោយ សេដ្ឋកិច្ចអាចនឹងធ្លាក់ចុះរហូតដល់ពេលនោះ។ លោកស្រីបានប្រាប់សមាជិកសភាក្នុងពេលបើកសវនាការនៅឯវិមានសភាឥណ្ឌូនេស៊ីថា « យើងមិនអាចសន្មតថា នឹងមានការងើបឡើងវិញនោះទេ ព្រោះជំងឺ Covid-19 នឹងនៅតែជាកត្តាសំខាន់មួយ ដែលរារាំងដល់ការងើបឡើងវិញនៃការប្រើប្រាស់ក្នុងស្រុក ការវិនិយោគ និងសេដ្ឋកិច្ចពិភពលោក »។ ដោយមើលឃើញពីបញ្ហាប្រឈមទាំងនេះរដ្ឋាភិបាលរំពឹងថា សេដ្ឋកិច្ចនឹងកើនឡើងពី ៤.៥% ទៅ ៥.៥៥ នៅឆ្នាំក្រោយ។

រដ្ឋាភិបាលឥណ្ឌូនេស៊ីបានត្រៀមថវិកាចំនួន ៦៩៥.២ ទ្រីលានរូពី (ជាង ៤៦ ពាន់លានដុល្លារ) នៅឆ្នាំនេះដើម្បីជួយសង្គ្រោះសេដ្ឋកិច្ច ប៉ុន្តែកង្វះទិន្នន័យរបស់ពលរដ្ឋបានធ្វើឱ្យមានការចំណាយ ដែលត្រូវការចាំបាច់សម្រាប់ជំនួយ និងមូលនិធិជម្រុញ។ សេដ្ឋកិច្ចឥណ្ឌូនេស៊ីបានធ្លាក់ចុះ ៥.៣២% នៅក្នុងត្រីមាសទី២ ក្នុងឆ្នាំនេះដោយសារការប្រើប្រាស់ក្នុងស្រុក ការវិនិយោគអាជីវកម្ម និងការចំណាយរបស់រដ្ឋាភិបាលបានធ្លាក់ចុះគួរឱ្យកត់សម្គាល់។

ទន្ទឹមនឹងនេះ លោកស្រី Mulyani រំពឹងថាប្រទេសនេះនឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចក្នុងត្រីមាសទី៣ ក្នុងឆ្នាំនេះ ហើយនឹងបន្តឈានដល់ត្រីមាសទី៤ ។ ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីទីភ្នាក់ងារផែនការជាតិអភិវឌ្ឍន៍ឥណ្ឌូនេស៊ីលោក Suharso Monoarfa បាននិយាយាថា ជំងឺរាតត្បាតក៏នឹងបណ្តាលឱ្យមនុស្សរាប់លាននាក់ធ្លាក់ចូលក្នុងភាពក្រីក្រ ដែលបង្កើនកម្រិតវិសមភាពរបស់ប្រទេស។ រដ្ឋាភិបាលប៉ាន់ប្រមាណថា អត្រាគ្មានការងារធ្វើនឹងកើនឡើងប្រហែល ៨.១% ទៅ ៩.២% ដោយសារផលប៉ះពាល់នៃការផ្ទុះឡើងនៃ Covid-19 ។ ខណៈកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារសេដ្ឋកិច្ចបន្ត ត្រូវបានរំខានដោយការកើនឡើងនៃករណីជំងឺ Covid-19 ។
គួរឱ្យដឹងផងដែរថា ឥណ្ឌូនេស៊ីបានបន្តកត់ត្រាករណីឆ្លងថ្មីនៃជំងឺ Covid-19 រាប់ពាន់នាក់នៅក្នុងសប្តាហ៍នេះ ជាមួយនឹងចំនួនសរុបដល់ទៅ ១៨០.០០០ នាក់នៅថ្ងៃពុធ ទី ២ នេះបើយោងតាមកំណត់ត្រាផ្លូវការរបស់ឥណ្ឌូនេស៊ី៕
អត្ថបទ៖ នីតា
ប្រភព៖ thejakartapost


