បន្ទាប់ពីបើកដំណើរការជាថ្មីនៅចុងខែកុម្ភៈ និងដើមខែមីនា រោងចក្ររបស់ចិនបានចាប់ផ្តើមកើនឡើងនូវការនាំចេញ។ ការនាំចេញបានកើនឡើងខ្លាំងនៅក្នុងខែកក្កដា ដល់កម្រិតខ្ពស់បំផុតទី២ ដែលមិនធ្លាប់មាន ដែលដូចគ្នាទៅនឹងកម្រិតខ្ពស់បំផុតកាលពីខែធ្នូ ឆ្នាំ ២០១៩ ។
ប្រទេសចិនបានដណ្តើមចំណែកទីផ្សារពិភពលោកកាន់តែច្រើននៅរដូវក្តៅនេះពីប្រទេសផលិតកម្មផ្សេងទៀត ដោយពង្រឹងនូវឥទ្ធិពលពាណិជ្ជកម្មដែលអាចមានរយៈពេលយូរ បន្ទាប់ពីពិភពលោកចាប់ផ្តើមងើបឡើងវិញពីជំងឺរាតត្បាត Covid-19 ។ ជាមួយនឹងកម្លាំងពលកម្មដែលមានជំនាញទាប និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការផ្តល់ប្រាក់កម្ចីបន្ថែមរបស់ធនាគាររដ្ឋ ដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺរាតត្បាតដល់អាជីវកម្មខ្នាតតូច និងធំ ប្រទេសចិនកំពុងបង្ហាញពីសមត្ថភាពនាំចេញយ៉ាងខ្លាំង ដែលមិនត្រូវបានប៉ះពាល់ដោយជំងឺរាតត្បាត។

ទន្ទឹមនឹងនេះ ប្រទេសចិនកំពុងតែផលិតរបស់ប្រើប្រាស់ដែលមន្ទីរពេទ្យ និងគ្រួសារនៅលើពិភពលោកត្រូវការជាចាំបាច់នាពេលបច្ចុប្បន្ននេះដូចជា៖ ឧបករណ៍ការពារផ្ទាល់ខ្លួន ផលិតផលកែលម្អគេហដ្ឋាន និងគ្រឿងអេឡិចត្រូនិកប្រើប្រាស់ជាច្រើន។ អតិថិជននៅជុំវិញពិភពលោក បានទិញរបស់របរប្រើប្រាស់គ្រប់យ៉ាង ដែលភាគច្រើនផលិតនៅប្រទេសចិន។ លោក Rajiv Biswas ប្រធានសេដ្ឋវិទូអាស៊ីនៅ IHS Markit ដែលជាក្រុមហ៊ុនទិន្នន័យ និងប្រឹក្សាពិភពលោកបាននិយាយថា ចំណែកនៃការនាំចេញរបស់ពិភពលោកបានកើនឡើងដល់ជិត ២០% នៅក្នុងត្រីមាសទី២ នៃឆ្នាំនេះពោលគឺកើនឡើងពី ១២.៨% ក្នុងឆ្នាំ ២០១៨ និង ១៣.១% កាលពីឆ្នាំមុន។ ឥឡូវនេះប្រទេសចិន មានសន្ទុះខ្លាំងនៅក្នុងការនាំចេញលើវិស័យជាច្រើន៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet


