ប្រទេសហ្វីលីពីនបានត្រៀមថវិកាចំនួន ៩៦.២ ពាន់លានប៉េសូ (ប្រមាណ ១.៩៨ ពាន់លានដុល្លារ) ដើម្បីជំរុញប្រព័ន្ធផ្លូវដែករបស់ខ្លួន ក្នុងនោះមានផ្លូវដែកក្រោមដី(Manila subway project) ប្រវែង ៣៦ គីឡូម៉ែត្រផងដែរ នេះបើយោងតាមការបញ្ជាក់របស់សមាជិកសភានៃកាលពីថ្ងៃទី ៣១ ខែសីហា កន្លងទៅនេះ។
តំណាងអនុប្រធានគណៈកម្មាធិការសម្របសម្រួលសភាលោក Luis Campos បានមានប្រសាសន៍ថា ការចំណាយដើមទុនសរុបត្រូវបានបញ្ចូលទៅក្នុងថវិកាជាតិចំនួន ៤.៥ ទ្រីលានប៉េសូសម្រាប់ឆ្នាំ២០២១ ដែលបានដាក់ជូនប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ទៅកាន់សមាជកាលពីសប្តាហ៍មុន។

តំណាងអនុប្រធានគណៈកម្មាធិការរូបនេះបានបន្តថា គម្រោងរថភ្លើងក្រោមដីនៅរដ្ឋធានីនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះនឹងទទួលបានថវិកាចំនួន ៣៤.៦ ពាន់លានប៉េសូនៅក្នុងថវិកាថ្មីនៅឆ្នាំ ២០២១។ លោកបានបញ្ជាក់ថា ទឹកប្រាក់ចំនួន ៣៤.៦ ពាន់លានប៉េសូនេះ គឺស្ថិតនៅលើកំពូលនៃទឹកប្រាក់រួមបញ្ចូលគ្នាចំនួន ១១.៣ ពាន់លានប៉េសូ ដែលបានគ្រោងទុកនៅឆ្នាំនេះ និងនៅឆ្នាំ២០១៩ សម្រាប់ដំណាក់កាលទី១ នៃប្រព័ន្ធរថភ្លើងដឹកអ្នកដំណើរក្រោមដីដំបូងបង្អស់របស់ប្រទេស។
ក្រៅពីគម្រោងរថភ្លើងក្រោមដី (Manila subway project) គម្រោងផ្លូវដែកសំខាន់នៅកោះ Luzon កំពុងទទួលបានថវិកាចំនួន ៥៨.៦ ពាន់លានប៉េសូផ្សេងទៀតផងដែរ។ ដោយគម្រោងផ្លូវដែកប្រវែង ១៤៧ គីឡូម៉ែត្រនឹងដំណើរការពី Calamba ក្នុងខេត្ត Laguna ភាគខាងត្បូងនៃទីក្រុង Manila ឆ្ពោះទៅទីក្រុង New Clark ក្នុងក្រុង Capas ខេត្ត Tarlac ភាគខាងជើងនៃទីក្រុងម៉ានីល។ ចំនែកផ្លូវរថភ្លើងដែលមានប្រវែង ៦៣៩ គីឡូម៉ែត្រនឹងតភ្ជាប់ពីទីក្រុង Manila ទៅកាន់តំបន់ភាគខាងត្បូងនៃកោះ Luzon និងដើម្បីកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុង Manila និងទីក្រុង Legazpi ក្នុងខេត្ត Albay ពី ១៣ ម៉ោងទៅ ៦ ម៉ោង៕
អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


