ការស្ទង់មតិ៖ ​​​សកម្មភាពផលិតកម្មរបស់ចិន កើនឡើងក្នុងល្បឿនលឿនបំផុតក្នុងរយៈពេលជិត ១ ទសវត្ស
សេដ្ឋកិច្ច September 1, 2020 Chan Sreyny

យោងតាមលទ្ធផលនៃការស្ទង់មតិឯកជននៅថ្ងៃអង្គារ ទី ១ ខែកញ្ញា បានបង្ហាញថា សកម្មភាពផលិតកម្មរបស់ប្រទេសចិន បានកើនឡើងក្នុងខែសីហា ក្នុងល្បឿនលឿនបំផុតក្នុងរយៈពេលជិត ១ ទសវត្ស។

នៅក្នុងរបាយការណ៍រួមរបស់ Caixin និង IHS Markit បាននិយាយថា ការពង្រីកនៅក្នុងខែសីហា គឺលឿនបំផុតចាប់តាំងពីខែមករា ឆ្នាំ ២០១១ ។ លោក Wang Zhe សេដ្ឋវិទូជាន់ខ្ពស់ប្រចាំក្រុមហ៊ុន Caixin Insight Group បាននិយាយថា ​«​ តម្រូវការ និងការផ្គត់ផ្គង់ផលិតកម្មបានបន្តស្ទុះងើបឡើងវិញ ហើយតម្រូវការនៅក្រៅប្រទេសបានចាប់ផ្តើមកើនឡើង »។ នៅក្នុងខែសីហា អនុតំបន់សម្រាប់ទិន្នផល និងការបញ្ជាទិញថ្មីសរុបបានឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីខែមករា ឆ្នាំ ២០១១ ។

វិស័យផលិតកម្មរបស់ចិន ត្រូវបានរាំងស្ទះដោយសាររោងចក្រនានាត្រូវបានបិទជាបណ្តោះអាសន្ននៅដើមឆ្នាំនេះ ដោយសារការបិទទ្វារទ្រង់ទ្រាយធំដើម្បីទប់ទល់នឹងជំងឺរាតត្បាត។ តម្រូវការសកលក៏ត្រូវបានថយចុះផងដែរ នៅពេលដែលជំងឺ Covid-19 រាលដាលពាសពេញពិភពលោក។ ប៉ុន្តែទិន្នន័យនាពេលថ្មីៗនេះ បង្ហាញពីសញ្ញានៃសេដ្ឋកិច្ចរបស់ចិនកំពុងងើបឡើងវិញបន្ទាប់ពីការរាតត្បាត។

ទន្ទឹមនឹងនេះ ​លោកស្រី Helen Qiao ប្រធានសេដ្ឋវិទូចិននៅធនាគារ Bank of America បាននិយាយថា ការវិនិយោគយ៉ាងខ្លាំងទៅលើវិស័យអចលនទ្រព្យ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធទំនងជានឹងជម្រុញសកម្មភាពផលិតកម្ម។ លោកស្រីបានបន្ថែមថា តម្រូវការអតិថិជនក៏ហាក់ដូចជាវិលត្រឡប់វិញ ដោយសារការកើនឡើងនៃការបញ្ជាទិញនាំចេញក្នុងខែសីហា៕

អត្ថបទ៖ នីតា
ប្រភព៖ cnbc