ទោះជួបវិបត្តិកូវីដ កម្ពុជានៅតែអាចនាំចេញអង្ករទៅក្រៅប្រទេស ហើយកើនឡើងជាង ៣១% ក្នុងរយៈពេល ០៨ខែឆ្នាំនេះ
សេដ្ឋកិច្ច September 1, 2020 Chan Sreyny

ក្នុងរយៈពេល០៨ ខែនៃឆ្នាំ២០២០ នេះ បរិមាណអង្ករនាំចេញសរុបមានចំនួន ៤៤៨,២០៣ តោន ដែលមានការកើនឡើងចំនួន ១០៦,១៥៨ តោន (ជាង ៣១.០៤%) ច្រើនជាងបរិមាណនាំចេញក្នុងរយៈពេល ០៨ខែ កាលពីឆ្នាំ២០១៩ ដែលមានចំនួន ៣៤២,០៤៥តោន នេះបើយោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។

ជាមួយគ្នានេះអង្ករក្រអូបគ្រប់ប្រភេទដែលបាននាំចេញមានចំនួន ៣៥២,៨០២ តោន ស្មើនឹង ៧៨.៧១% និងអង្ករ ស គ្រប់ប្រភេទមានចំនួន ៨៩,៦៩៩តោន ស្នើនឹង ២០.០១% អង្ករចំហុយមានចំនួន ៥,៦៧៩តោន ស្មើនឹង ១.២៧% និងអង្ករក្រហមមានចំនួន ២៣ តោន ស្មើនឹង ០.០១%។ ក្នុងចំណោមអង្ករក្រអូបទាំងនោះ អង្ករផ្ការំដួល ផ្កាម្លិះមានចំនួន ២៣៤,៦០៥តោន ស្មើនឹង ៥២.៣៤%។

ទន្ទឹមនឹងនេះទិសដៅនាំចេញអង្ករដែលមានការកើនឡើងនេះរួមមាន ទិសដៅសហភាពអឺរ៉ុបចំនួន ២៩,៧៨៧តោន (២៤.៨១%) ទិសដៅប្រទេសចិនចំនួន ២៦,៣០៦ តោន (១៩.៧៩%) ទិសដៅបណ្ដាប្រទេសអាស៊ានចំនួន ១៨,១៧១តោន (៤២.៤៩%) និងទិសដៅដទៃទៀតចំនួន ៣១,៨៩៤តោន (៦៨.៩២%) ខណៈក្រុមហ៊ុនដែលបាននាំអង្ករចេញមានចំនួន​ ៧១ ក្រុមហ៊ុន៕

អត្ថបទ៖ លីនី