ឆ្នេរពយជំទាវម៉ៅក្នុងខេត្តព្រះសីហនុនឹងក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ ក្នុងពេលខាងមុខនេះ
ទេសចរណ៍ August 31, 2020 Chan Sreyny

ឆ្នេរពយជំទាវម៉ៅនឹងក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុតសម្រាប់បម្រើវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ ខណៈឆ្នេរថ្មីនេះមានទេសភាពស្អាត ទីធ្លាធំទូលាយ និងមានភាពងាយស្រួលក្នុងការងូតទឹកកម្សាន្ត។ នេះបើ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីពេលថ្មីនេះ​។

លោក តាំង សុចិត្រគ្រឺស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់វិទ្យុជាតិកម្ពុជាថា អាជ្ញាធរខេត្តបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធបានរៀបចំផែនការមេ ដើម្បីឲ្យឆ្នេរពយជំទាវម៉ៅនេះ កាន់តែមានភាពទាក់ទាញ។ តាមផែនការអាជ្ញាធរនឹងរៀបចំតុបតែងហេដ្ឋារចនាសម្ព័ន្ធសួនច្បារ បន្ទប់ទឹក និងការដាក់ពង្រាយធុងសំរាមឱ្យត្រឹមត្រូវបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរចូលរួមថែរក្សាបរិស្ថាន។

បន្ថែមពីនេះលោកបានលើកឡើងដូច្នេះថា៖ « អ៊ីចឹងឆ្នេរដែលទាក់ទាញបំផុត នៅថ្ងៃក្រោយយើងគឺឆ្នេរពយជំទាវម៉ៅហ្នឹង ហើយកន្លែងហ្នឹងគឺយើងនឹងរៀបចំរមណីយដ្ឋានឆ្នេរដែលមានសកម្មភាពកម្សាន្ត Beach Volleyball អាចមានកន្លែងភ្ញៀវគេង កន្លែងប្រកួតកីឡាផ្សេងៗ ការរៀបចំពិពណ៌ផ្សេងៗ និងមានចំណត បន្ទប់ទឹកស្អាតហើយអាចនឹងសិក្សារៀបចំទៅ Food street ស្ដង់ដារវិថីម្ហូបអាហារ ។ អាចរៀបចំសកម្មភាពកម្សាន្តផ្សេងៗពេលយប់ ព្រោះវាជាតំបន់ដាច់ដោយឡែកមួយពីភូមិឋានដែលឱ្យភ្ញៀវអាចដើរលេងកម្សាន្តរហូតដល់ភ្លឺបាន អ្វីដែលសំខាន់នោះយើងរៀបចំពង្រឹងសន្តិសុខសុវត្ថិភាពបាន ហើយវាជាតំបន់មួយដែលទាក់ទាញសំខាន់ណាស់សម្រាប់ឆ្នេរនៅក្នុងខេត្តព្រះសីហនុ យើងកំពុងធ្វើហើយ យើងកំពុងសិក្សាហើយ »។

លោកក៏បានបញ្ជាក់ផងដែរថា ឆ្នេរពយជំទាវម៉ៅនេះ ជាឆ្នេរមួយដែលយើងមិនធ្លាប់មានពីមុនមកទេ ដោយសារតែឆ្នេរមួយនេះ មានលក្ខណៈធំទូលាយ មានរុក្ខជាតិ បែបធម្មជាតិដ៏ស្រស់ស្អាត នៅអមតាមមាត់ឆ្នេរ មានប្រវែងរហូតទៅដល់ជិត១៣គីឡូម៉ែត្រ៕

ប្រភព៖ ក្រសួងព័ត៌មាន