ក្រុមហ៊ុន ហ្គោលវែល ខាភីថល ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន Sun Hill Assets ដើម្បីនាំភាពរុងរឿងសម្រាប់កម្ពុជា និងម៉ាឡេស៊ី
PR August 29, 2020 Chan Sreyny

ក្រុមហ៊ុន ហ្គោលវែល ខាភីថល បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈយោគយល់គ្នាលើភាពជាដៃគូអាជីវកម្ម ជាមួយក្រុមហ៊ុនម៉ាឡេស៊ី Sun Hill​ Assets ដែលជាអនុស្សរណៈយោគយល់គ្នាដំបូងគេនៅកម្ពុជា រវាងក្រុមហ៊ុនឈ្មួញជើងសាក្នុងតំបន់ដែលមានស្ដង់ដារលំដាប់ពិភពលោក និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យអន្តរជាតិ។ តាមរយៈការចុះហត្ថលេខានេះ ក្រុមហ៊ុនទាំងពីរនឹងជួយបង្កើនសមត្ថភាពគ្នាទៅវិញទៅមកក្នុងដំណើរឆ្ពោះទៅមុខរួមគ្នាដើម្បីសម្រេចបាននូវផលប្រយោជន៍រួម និងនាំមកនូវភាពជោគជ័យសម្រាប់ទីផ្សារឧបករណ៍និស្សន្ទនៃប្រទេសទាំងពីរ។

ពិធីចុះហត្ថលេខានេះ ត្រូវបានប្រារព្ធឡើងតាមរយៈកម្មវិធីអនឡាញ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ។ ក្រៅពីក្រុមហ៊ុនភាគីដែលត្រូវចុះហត្ថលេខា ក៏មានការអញ្ជើញចូលរួមជាអធិបតី និងជាសក្ខីភាព ដោយឯកឧត្ដម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា ឯកឧត្ដម សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា លោកបណ្ឌិត វិន ភក្ដី ប្រធាននាយកដ្ឋានត្រួតពិនិត្យអន្ដរការីមូលបត្រនៃគណៈកម្មការមូលបត្រកម្ពុជា ព្រមទាំងវត្តមាននៃអភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដូចជា លោកស្រី Nancy Chau​ លោកស្រី Jen Tran និង លោក Lawrence Kook។

ដោយមានក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ជាក្រុមហ៊ុនសមភាគីកណ្ដាលរបស់ខ្លួន បច្ចុប្បន្ននេះ ក្រុមហ៊ុន ហ្គោលវែល ខាភីថល គឺជាក្រុមហ៊ុនមួយក្នុងចំណោមកំពូលក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទទាំងបីនៅកម្ពុជា ហើយបានប្រើប្រាស់នូវធនធាន និងកម្លាំងកាយចិត្តជាច្រើន ដើម្បីកែសម្រួល និងអភិវឌ្ឍលើផលិតផល ក៏ដូចជាសេវាកម្មរបស់ខ្លួនឱ្យឈានដល់កម្រិតខ្ពស់បំផុត។​

ភាពលេចធ្លោ និងភាពរីកចម្រើនរបស់ក្រុមហ៊ុន ហ្គោលវែល ខាភីថល ត្រូវបានទទួលស្គាល់ និងជឿទុកចិត្តទាំងស្រុងពីក្រុមហ៊ុន Sun Hill Assets​ ដែលមានបំណងពង្រីកវិសាលភាពនៃអាជីវកម្ម និងផ្ដល់ជូនអតិថិជនរបស់ខ្លួន ជាពិសេសវិនិយោគិនលើផលិតផលឧបករណ៍និស្សន្ទនូវបទពិសោធន៍ជួញដូរដ៏ល្អបំផុត តាមរយៈការប្រើប្រាស់កម្មវិធីជួញដូរដែលធានានូវតម្លាភាពនិងគួរឱ្យទុកចិត្ដបំផុត និងសេវាអតិថិជនដ៏ល្អឥតខ្ចោះជាដើម។ ចំណុចសំខាន់ៗទាំងអស់នេះ មានឥទ្ធិពលយ៉ាងខ្លាំងទៅលើកំណើតនៃអនុស្សរណៈយោគយល់គ្នានេះ។

លោក Peter Cruz មន្រ្តីប្រតិបត្ដិជាន់ខ្ពស់នៃក្រុមហ៊ុន ហ្គោលវែល ខាភីថល បានមានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន ហ្គោលវែល​ ខាភីថល យើងមានការជឿជាក់យ៉ាងមុតមាំទៅលើប្រសិទ្ធភាពនៃការងារជាក្រុម ដូច្នេះ តាមរយៈការចាប់ដៃគូជាមួយក្រុមហ៊ុន Sun Hill Assets យើងនឹងមានកម្លាំងបន្ថែមកាន់តែរឹងមាំ ដើម្បីបន្ដដំណើររួមគ្នាកាន់តែឆ្ងាយ និងមុជកាន់តែជ្រៅ ក្នុងការស្វែងរក និងពាំនាំនូវឱកាសមាស ឱកាសប្រាក់ជូនដល់វិនិយោគិន​របស់យើង។»

លោក Guillaume Luccatio នាយកបច្ចេកទេសនៃក្រុមហ៊ុន Sun Hill Assets បានបញ្ជាក់ដែរថា៖ «ការផ្ដល់សេវាកម្មដ៏ល្អបំផុតដល់សហគមន៍ហិរញ្ញវត្ថុនៅជុំវិញពិភពលោក គឺជាបេសកកម្មរបស់យើង ដូច្នេះ យើងពិតជារំភើបចិត្តចំពោះការចាប់ដៃគូជាមួយក្រុមហ៊ុន ហ្គោលវែល​ ខាភីថល។ តាមរយៈកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្ដរួមគ្នា យើងនឹងអាចសម្រេចបាននូវសមិទ្ធផលកាន់តែច្រើន ហើយយើងនឹងបន្ដអភិវឌ្ឍកិច្ចសហប្រតិបត្ដិការ ក៏ដូចជាការច្នៃប្រឌិតអាជីវកម្មរបស់យើងឱ្យកាន់តែរឹងមាំថែមទៀត។»

ក្នុងឱកាសដ៏ឱឡារិកនេះ គណៈកម្មការមូលបត្រកម្ពុជាដែលជានិយ័តករនៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ក៏បានចូលរួមស្វាគមន៍យ៉ាងកក់ក្ដៅ និងគាំទ្រយ៉ាងពេញទំហឹងទៅលើកិច្ចសហប្រតិបត្ដិការមួយនេះ។
ឯកឧត្ដម ស៊ូ សុជាតិ បានថ្លែងថា៖ «កិច្ចសហប្រតិបត្ដិការមួយនេះនឹងពាំនាំនូវសារៈប្រយោជន៍ជាច្រើនសម្រាប់ទីផ្សារហិរញ្ញវត្ថុនៅប្រទេសម៉ាឡេស៊ី ក៏ដូចជាទីផ្សារឧបករណ៍និស្សន្ទនៅប្រទេសកម្ពុជា​ ខណៈដែលប្រទេសកម្ពុជាផ្ទាល់ បានក្លាយជាកម្លាំងចលករ​ដ៏សំខាន់មួយក្នុងការជំរុញឱ្យមានកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ យើងពិតជាមានក្ដីរីករាយជាមួយនឹងក្រុមហ៊ុនទាំងពីរដែលបានឈានដល់កិច្ចសហការដ៏ល្អមួយនេះ។ យើងក៏មានមោទកភាពទៅលើសមិទ្ធផលមួយនេះដែរ ដោយសារវាជាលទ្ធផលមួយនៃការខិតខំរួមគ្នារបស់គណៈកម្មការមូលបត្រកម្ពុជា និង ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ក្នុងការផ្សព្វផ្សាយអំពីទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាជាបន្តបន្ទាប់នៅលើឆាកអន្តរជាតិ។»

រីឯលោក Lawrence Kook វិញ លោកបានបង្ហាញចំណាប់អារម្មណ៍ថា៖ «យើងពិតជាមានការកោតសរសើរយ៉ាងខ្លាំងចំពោះក្រុមហ៊ុន ហ្គោលវែល ខាភីថល សម្រាប់ការអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស រហូតក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទកំពូលៗលំដាប់អន្ដរជាតិ។ យើង ក៏ចូលរួមអបអរសាទរដល់ក្រុមហ៊ុន Sun Hill Assets ផងដែរ ដែលបានសម្រេចចិត្ដជ្រើសរើសក្រុមហ៊ុន ហ្គោលវែល ខាភីថល ជាដៃគូសហប្រតិបត្តិការជីវកម្មរបស់ខ្លួន។ ក្រុមហ៊ុនទាំងពីរនេះ មានលក្ខណៈសម្បត្តិស័ក្តិសមគ្នាឥតខ្ចោះ ទាំងជំនាញឯកទេស បទពិសោធន៍​ ភាពមានវិជ្ជាជីវៈ កិត្ដិនាម និងចក្ខុវិស័យ ដែលជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យឧបករណ៍និស្សន្ទរបស់យើង។»​

ដោយយោងតាមកិច្ចព្រមព្រៀងលើអនុស្សរណៈយោគយល់គ្នានេះ ក្រុមហ៊ុនទាំងពីរប្តេជ្ញាធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធឆ្ពោះទៅរកគោលដៅរួមមួយក្នុងការស្វែងរក និងផ្តល់នូវសេវាកម្មដែលមានស្តង់ដារខ្ពស់បំផុតសម្រាប់ការជួញដូរឧបករណ៍និស្សន្ទ ហើយនឹងបង្កើតកេរដំណែលរួមគ្នាក្នុងការពាំនាំវិបុលភាពផ្នែកសេដ្ឋកិច្ចដល់កម្ពុជា និងម៉ាឡេស៊ី។