រដ្ឋាភិបាលថៃ នឹងកាត់បន្ថយពន្ធយ៉ាងច្រើនលើប្រាក់ចំណូល ដើម្បីជំរុញឲ្យប្រជាពលរដ្ឋប្តូរពីរថយន្តចាស់ទៅថ្មី ឬ រថយន្តអគ្គិសនី ក្រោមហេតុផលនេះ
សេដ្ឋកិច្ច August 29, 2020 Chan Sreyny

រដ្ឋាភិបាលថៃនឹងផ្ដល់ការលើកទឹកចិត្តពន្ធសម្រាប់បុគ្គលិក និងក្រុមហ៊ុន ដើម្បីឲ្យពួកគេមានលទ្ធភាពផ្លាស់ប្ដូររថយន្តចាស់មកប្រើរថយន្តថ្មី ឬ រថយន្តអគ្គិសនី នេះបើយោងតាមការថ្លែងរបស់រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មលោក Suriya Juangroongruangkit នៅក្នុងសិក្ខាសាលាស្តីពី“ ជំនាន់ថ្មីនៃស្វ័យប្រវត្តិកម្ម” ដែលរៀបចំដោយកាសែត Krungthep Turakij កាលពីថ្ងៃព្រហស្បតិ៍។

នាឱកាសនោះរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មរូបនេះបានមានប្រសាសន៍ថា ផែនការនេះនឹងត្រូវអនុវត្តចំពោះរថយន្តដែលបានប្រើប្រាស់ចាប់ពី ១៥ឆ្នាំឡើងទៅ ដែលនឹងជំរុញការលក់រថយន្តថ្មី និងយានយន្តអគ្គិសនី។ លើសពីនេះ ក្រសួងក៏មានគោលបំណងកែច្នៃរថយន្តដែលប្រើរួចឡើងវិញផងដែរ។

ពាក់ព័ន្ធជាមួយការលើកទឹកចិត្តពន្ធនេះ រដ្ឋាភិបាលនឹងផ្ដល់ការកាត់បន្ថយពន្ធលើប្រាក់ចំណូលរហូតដល់ ១០០,០០០ បាត (ប្រមាណជាង ៣,២០០ដុល្លារ) សម្រាប់ក្រុមហ៊ុន និងបុគ្គលិកដែលចូលរួមក្នុងគម្រោងនេះ ដែលនឹងត្រូវស្នើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តីក្នុងរយៈពេល ២ ឬ ៣ ខែខាងមុខ។ លោក Suriya បាននិយាយថា ការកាត់បន្ថយពន្ធនឹងត្រូវផ្តល់ជូនសម្រាប់រយៈពេល ៥ ឆ្នាំ ហើយលោកនឹងបញ្ជាក់ពីព័ត៌មានលម្អិតនៃកញ្ចប់ពន្ធជាមួយរដ្ឋមន្រ្តីហិរញ្ញវត្ថុលោក Predee Daochai ក្នុងពេលឆាប់ៗនេះ។

លោកបានបន្ថែមថា រដ្ឋាភិបាលអាចនឹងបាត់បង់ប្រាក់ចំណូលពន្ធមួយចំនួនដោយសារគម្រោងនេះ ប៉ុន្តែជាថ្នូរមកវិញយើងនឹងកាត់បន្ថយបាននូវការបំពុលខ្យល់ PM2.5 និងជំរុញការលក់រថយន្ដដែលបានរងការវាយប្រហារដោយ Covid-19 យ៉ាងធ្ងន់ធ្ងរ ហើយក៏នឹងជំរុញដល់ការប្រើប្រាស់រថយន្តអគ្គិសនីផងដែរ។

ខណៈលោកបានបញ្ជាក់ថា ការបន្ធូរបន្ថយពន្ធនឹងមិនជួយបង្កើនតម្រូវការរថយន្តអគ្គិសនីភ្លាមៗនោះទេ ព្រោះបច្ចុប្បន្នតម្លៃរបស់វាខ្ពស់ជាងរថយន្តស៊ីសាំងធម្មតា ប៉ុន្តែនៅពេលដែលតម្លៃរថយន្តអគ្គិសនីធ្លាក់ចុះដល់កម្រិតដូចគ្នានឹងរថយន្តសាំង វានឹងជួយផ្តល់តុល្យភាពក្នុងការពេញចិត្តចំពោះរថយន្តអគ្គិសនី។ យ៉ាងណាមិញគម្រោងបែបនេះនៅបណ្តាប្រទេសនៅអឺរ៉ុប ក៏គេបានផ្តល់ការលើកទឹកចិត្តស្រដៀងគ្នាសម្រាប់អ្នកប្រើប្រាស់ឱ្យប្តូរទៅប្រើរថយន្តអគ្គិសនីផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand