រយៈពេលនៃការកាន់កាប់តំណែងជានាយករដ្ឋមន្រ្តី លោក​ Shinzo Abe បានខិតខំយ៉ាងខ្លាំងធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចរស់ឡើងវិញ
សេដ្ឋកិច្ច August 28, 2020 Chan Sreyny

លោក Shinzo Abe បានដកខ្លួនចេញពីតំណែងជាលើកទី២ ដែលជាការសុំលាលែងដ៏កម្រមួយក្នុងនាមជានាយករដ្ឋមន្រ្តី ដោយលោកសន្យាថានឹងធ្វើឱ្យសេដ្ឋកិច្ចរស់ឡើងវិញ បន្ធូរបន្ថយដែនកំណត់នៃរដ្ឋធម្មនុញ្ញសន្តិភាពនិយមក្រោយសង្គ្រាមលោកលើកទី២ និងស្តារតម្លៃប្រពៃណីឡើងវិញ។

លោក Abe បានក្លាយជានាយករដ្ឋមន្រ្តីដែលបម្រើការយូរជាងគេបំផុតនៅក្នុងប្រទេសជប៉ុន ប៉ុន្តែនៅរដូវក្តៅឆ្នាំ ២០២០ ការគាំទ្រជាសាធារណៈបានថមថយទៅវិញ ដោយសារការដោះស្រាយរបស់លោកអំពីការរីករាលដាលនៃជំងឺ Covid-19 ក៏ដូចជារឿងអាស្រូវជាបន្តបន្ទាប់ រួមទាំងការចាប់ខ្លួនអតីតរដ្ឋមន្រ្តីយុត្តិធម៌របស់លោក។ នៅថ្ងៃសុក្រ ទី២៨ ខែសីហា លោក Abe បាននិយាយថា គាត់បានសម្រេចចិត្តលាឈប់ពីតំណែង បន្ទាប់ពីលោកមានបញ្ហាសុខភាព។ យោងទូរទស្សន៍សាធារណៈ NHK បានឱ្យដឹងថា លោក Abe ចង់ជៀសវាងបង្កបញ្ហាដល់រដ្ឋាភិបាល ដោយសារតែស្ថានភាពកាន់តែយ៉ាប់យ៉ឺនរបស់គាត់។

យោងតាមការដកស្រង់សំដីលោក Abe របស់ទស្សនាវដ្តី Bungei Shunju បានឱ្យដឹងថា អ្វីដែលធ្វើឱ្យលោក Abe ព្រួយបារម្ភបំផុតបន្ទាប់ពីការលាឈប់របស់គាត់ គឺគំនិតអភិរក្សនិយម និងប្រព័ន្ធរដ្ឋបាលដែលលោក Abe បានបង្កើតឡើងនឹងត្រូវបាត់បង់ ។ ខណៈ ៥ ឆ្នាំបន្ទាប់ពីការលាលែងពីតំណែងលើកទី១ របស់លោកដោយសារជំងឺដំបៅពោះវៀននោះ លោក Abe បានដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ដែលត្រូវបានបណ្តេញចេញពីតំណែងក្នុងឆ្នាំ ២០០៩ ត្រឡប់ទៅកាន់អំណាចវិញ។

បន្ទាប់មកគាត់បានដាក់ចេញនូវយុទ្ធសាស្រ្ត “ Abenomics” ដែលមានមុខកាត់ ៣ ដើម្បីផ្តួលបរិត្តផរណា និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចឡើងវិញជាមួយនឹងគោលនយោបាយរូបិយវត្ថុងាយស្រួល និងការចំណាយសារពើពន្ធរួមជាមួយនឹងការកែទម្រង់រចនាសម្ព័ន្ធ ដើម្បីទប់ទល់នឹងការធ្លាក់ចុះនៃចំនួនប្រជាជន។ យុទ្ធសាស្ត្ររីកចម្រើនរបស់លោក​ Abe បានរងផលប៉ះពាល់នៅឆ្នាំ ២០១៩ ពីការដំឡើងពន្ធលើការលក់ និងសង្គ្រាមពាណិជ្ជកម្មរវាងចិន-អាមេរិក។

ការផ្ទុះឡើងនៃជំងឺ Covid-19 ក្នុងឆ្នាំ ២០២០ ​នេះបានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះធ្ងន់ធ្ងរបំផុតមិនធ្លាប់មានរបស់ជប៉ុន។ នៅពេលជំងឺរាតត្បាតចាប់ផ្តើមផ្ទុះឡើង លោក Abe មានភាពយឺតយ៉ាវក្នុងការបិទព្រំដែនជប៉ុន និងអនុវត្តស្ថានភាពអាសន្នដែលជម្រុញឱ្យប្រជាជនស្នាក់នៅផ្ទះ និងបិទហាងនានា។ ដំបូងអ្នករិះគន់បានចាត់ទុកការឆ្លើយតបមិនច្បាស់លាស់ ហើយក្រោយមកបានបន្ទោសលោក Abe ចំពោះកង្វះការដឹកនាំ។ ទោះបីជាយ៉ាងនេះក្ដី អត្រាមរណភាពរបស់ជប៉ុននៅទាបជាងប្រទេសអភិវឌ្ឍន៍ដទៃទៀត។

គួរឱ្យដឹងផងដែរថា លោក Abe ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធាន LDP សម្រាប់អាណត្តិ ៣ ឆ្នាំជាប់ៗគ្នាជាលើកទី៣ ក្នុងឆ្នាំ ២០១៨ បន្ទាប់ពីការផ្លាស់ប្តូរច្បាប់របស់គណបក្ស ដោយសមាជិកនៅក្នុង LDP បានពិចារណាផ្លាស់ប្តូរច្បាប់មួយទៀតដើម្បីអនុញ្ញាតឱ្យគាត់កាន់អាណត្តិទី៤ ។ ហេតុដូច្នេះហើយ លោក Abe នឹងប្រើពេលវេលាក្នុងនាមជាប្រធានាធិបតីជប៉ុនចុងក្រោយ ដើម្បីរកគ្រប់វិធីសាស្ត្រក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia