លោក ដូណាល់ ត្រាំ សន្យាថា នឹងដាក់ពន្ធលើក្រុមហ៊ុនដែលចាកចេញពីសហរដ្ឋអាមេរិកទៅបង្កើតការងារនៅបរទេស បើសិនលោកជាប់ឆ្នោតអាណត្តិថ្មី
សេដ្ឋកិច្ច August 28, 2020 Chan Sreyny

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាន​និយយកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហាថា ប្រសិនបើ​លោកបាន​ជាប់ឆ្នោតជាថ្មីម្ដងទៀត រដ្ឋបាលរបស់លោកនឹងដាក់ពន្ធលើក្រុមហ៊ុនណាមួយដែលចាកចេញពីសហរដ្ឋអាមេរិក ដើម្បីបង្កើតការងារនៅប្រទេសផ្សេងទៀត។

លោក ត្រាំ បាននិយាយនៅឯសន្និបាតជាតិសាធារណរដ្ឋថា៖ «យើងនឹងដាក់ពន្ធលើក្រុមហ៊ុនណាមួយ ដែលចាកចេញពីអាមេរិកដើម្បីបង្កើតការងារនៅឯបរទេស »។ លោកបានបន្តថា៖ « យើងនឹងធ្វើឱ្យប្រាកដថាក្រុមហ៊ុននិងការងាររបស់យើងស្ថិតនៅក្នុងប្រទេសរបស់យើងដូចដែលខ្ញុំបានធ្វើរួចមកហើយ។ ខណៈរបៀបវារៈរបស់ Joe Biden ត្រូវបានធ្វើឡើងនៅប្រទេសចិន ហើយរបៀបវារៈរបស់ខ្ញុំត្រូវបានធ្វើឡើងនៅសហរដ្ឋអាមេរិក »។

ជាមួយនឹងការលើកឡើងយ៉ាងមុតមាំនេះ លោក ត្រាំ បានប្រកាសជំហរជាមួយឆន្ទៈក្នុងការប្រជែងជាមួយចិនលើពាណិជ្ជកម្ម ក្នុងអំឡុងពេលនៃសុន្ទរកថារបស់លោកទៅកាន់គណបក្សប្រឆាំងរបស់លោកគឺ លោក Joe Biden ដែល​នឹងធ្វើការបោះឆ្នោតនៅក្នុងខែវិច្ឆិកាខាងមុខ។ គួរឲ្យដឹងផងដែរថា លោក ត្រាំ ធ្លាប់ជាអ្នកអភិវឌ្ឍអចលនទ្រព្យ អតីតអ្នកអភិវឌ្ឍអចលនទ្រព្យរូបនេះបានចំណាយពេលភាគច្រើននៃអាណត្តិដំបូងរបស់គាត់ដើម្បីធ្វើសង្គ្រាមពាណិជ្ជកម្មប្រឆាំងនឹងប្រទេសចិន ជុំវិញការអនុវត្តពាណិជ្ជកម្ម ការផ្ទេរបច្ចេកវិទ្យា និងគោលនយោបាយឧស្សាហកម្មដោយដាក់ពន្ធលើការនាំចូលរបស់ចិនដែលមានតម្លៃ ៣៧០ ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ កាលពីឧសភាកន្លងទៅនេះ លោក ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធថ្មីលើក្រុមហ៊ុនអាមេរិកដែលផលិតទំនិញនៅក្រៅសហរដ្ឋអាមេរិក បង្កើតសកម្មភាពថ្មីមួយទៀតរដ្ឋបាលរបស់លោកអាចជំរុញច្រវ៉ាក់ផ្គត់ផ្គង់ឱ្យឆ្ងាយពីប្រទេសចិន និងបង្កើនរបាំងពាណិជ្ជកម្មថ្មី។ មិនតែប៉ុណ្ណោះលោក ត្រាំ បានធ្វើអត្ថាធិប្បាយស្រដៀងគ្នាកាលពីសប្តាហ៍មុននៅក្នុងព្រឹត្តិការណ៍យុទ្ធនាការមួយនៅរដ្ឋ Pennsylvania ថា៖ « យើងនឹងផ្តល់ឥណទានពន្ធដល់ក្រុមហ៊ុនដើម្បីនាំយកការងារត្រឡប់មកអាមេរិកវិញ ហើយប្រសិនបើពួកគេមិនធ្វើទេ យើងនឹងដាក់ពន្ធលើក្រុមហ៊ុនទាំងនោះហើយ ពួកគេនឹងត្រូវបង់លុយឱ្យយើងច្រើន៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia