ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងធ្វើការដើម្បីសម្រួលដល់ការដឹកជញ្ជូនដល់ប្រទេសកម្ពុជាបន្ថែមទៀត ដើម្បីនាំមកនូវភាពប្រកួតប្រជែងកាន់តែច្រើនក្នុងចំណោមបណ្ដាប្រទេសដទៃទៀតនៅក្នុងតំបន់។ កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានគូសបញ្ជាក់ដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីនៃក្រសួងសាធារណការ និងដឹកជញ្ជូននៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះ នៅក្រសួងជាមួយក្រុមការងារដើម្បីដោះស្រាយបញ្ហាប្រឈមសម្រាប់ការឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម និងកម្ពុជា-ថៃ។
យោងតាមប្រសាសន៍របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រទេសកម្ពុជាកំពុងធ្វើការជាមួយទាំងសមភាគីថៃ និងវៀតណាម ដើម្បីកំណត់ផ្លូវដែលមានប្រសិទ្ធិភាពសម្រាប់ការដឹកជញ្ជូន ឆ្លងកាត់ព្រំដែនជាពិសេសនៅ ស្ទឹងបត់- បាណងអៀន និងបាវិត-ម៉ុកបៃ។

ជាមួយគ្នានេះដែរលោករដ្ឋមន្រ្តីបានលើកទឹកចិត្តដល់ក្រុមការងារដែលមានភារកិច្ចរក្សាការខិតខំដើម្បីផ្លាស់ប្តូរភ័ស្តុភារដឹកជញ្ជូនរបស់កម្ពុជាទៅកម្រិតថ្មីមួយជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាថ្មី។ ខណៈការដឹកជញ្ជូនកាន់តែប្រសើរនឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងចំណេញពេលវេលាដែលជាហេតុធ្វើឲ្យតម្លៃផលិតផលមានការប្រកួតប្រជែង៕


ប្រភព៖ ក្រសួងព័ត៌មាន


