យោងតាមទិន្នន័យរបស់ធនាគារកណ្តាលកូរ៉េខាងត្បូង បានបង្ហាញថា បរិមាណនៃការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះក្នុងរយៈពេល ៤ ខែជាប់ៗគ្នា ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ច ដែលបណ្ដាលមកពីការផ្ទុះឡើងនៃជំងឺ Covid-19 ។
សន្ទស្សន៍បរិមាណនាំចេញ បានធ្លាក់ចុះ ០.៧% ក្នុងខែកក្កដា បើធៀបនឹងឆ្នាំមុនដោយបន្តធ្លាក់ចុះអស់រយៈពេល ៤ ខែគិតចាប់តាំងពីខែមេសា នេះបើយោងតាមធនាគារកូរ៉េ (BOK) ។ បរិមាណនាំចេញសម្រាប់គ្រឿងម៉ាស៊ីន ឧបករណ៍ដឹកជញ្ជូន និងវាយនភ័ណ្ឌបានធ្លាក់ចុះទ្វេដង ប៉ុន្តែតួលេខសម្រាប់កុំព្យូទ័រ គ្រឿងអេឡិចត្រូនិច និងឧបករណ៍អុបទិកបានកើនឡើងនៅពេលប្រជាជនត្រឡប់មកធ្វើការនៅផ្ទះ និងរៀនតាមអ៊ីនធឺរណេតខណៈមានការព្រួយបារម្ភអំពីការផ្ទុះឡើងនៃជំងឺរាតត្បាត។
ទន្ទឹមនឹងនេះ ចំពោះតម្លៃនៃការនាំចេញបានធ្លាក់ចុះ ៨.៦% ក្នុងខែកក្កដា បើធៀបនឹងឆ្នាំមុនដោយការធ្លាក់ចុះសម្រាប់ខែទី៥ ជាប់ៗគ្នា។ តោះបីជាយ៉ាងនេះក្ដី តម្រូវការសកលបានងើបឡើងវិញខ្លះៗនៅពេលដែលការបើកអាជីវកម្មឡើងវិញនៅក្នុងសេដ្ឋកិច្ចធំៗ បន្ទាប់ពីការបិទទ្វារដោយសារការរីករាលដាលនៃជំងឺ Covid-19 ។ សន្ទស្សន៍បរិមាណនាំចូលបានកើនឡើង ០.៥% ក្នុងខែកក្កដា បើធៀបនឹងឆ្នាំមុន ប៉ុន្តែសន្ទស្សន៍តម្លៃនាំចូលបានថយចុះ ១១.១% ក្នុងខែនេះ៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet


