ការអនុវត្តអនុគម្រោងសាងសង់ទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុទាក់ទងនឹងការងារដោះមីន ការងារកាប់ឆ្កា និងសម្អាតផ្ទៃដី ១៧.៣៣ ហិកតាសម្រេចបាន ១០០% ហើយ គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។ នៅទីស្ដីការក្រសួង ឯកឧត្ដម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែសីហា បន្តពិនិត្យពិភាក្សាអំពីវឌ្ឍនភាពអនុគម្រោងសាងសង់ទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុ ក្នុងក្របខណ្ឌថវិកាជាតិ ដោយមានការចូលរួមពីសមាជិក សមាជិកានៃគណៈកម្មការគ្រប់គ្រងការងារអនុគម្រោងសាងសង់ទីលានចាក់សំរាមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រុមហ៊ុនសាងសង់ផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពគម្រោងសាងសង់ទីលានចាក់សំរាមក្នុងខេត្ត ព្រះសីហនុដែលអនុវត្តដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ក្នុងទំហំទឹកប្រាក់ចំនួន ៥.៣១៣.៤៦៣ ដុល្លារសហអាមេរិក ជាថវិកាជាតិ មានរយៈពេលសាងសង់១៧ខែ គិតចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ លើផ្ទៃដី ១៧.៣៣ ហិកតា ក្នុងចំណោមផ្ទៃដីសរុប ៥១ហិកតា ដែលរដ្ឋបាលខេត្តព្រះសីហនុផ្តល់ជូន ឋិតនៅភូមិអូតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមានចម្ងាយប្រមាណ៣គីឡូម៉ែត្រពីផ្លូវជាតិលេខ៤។

សូមបញ្ជាក់ផងដែរថា គម្រោងទីលានចាក់សំរាមថ្មីនេះ សាងសង់ឡើងដើម្បីបំពេញតម្រូវការរយៈពេល ៥ឆ្នាំដំបូង មានសមត្ថភាពអាចផ្ទុកសំរាមបានចំនួន ៨៨៤,០៨៨ ម៉ែត្រគីប មានរណ្ដៅចំនួនបួន រណ្ដៅនីមួយៗមានទទឹងគិតជាមធ្យម ១៣០ ម៉ែត្រ និងបណ្ដោយ ១៥០ម៉ែត្រ ជម្រៅចាប់ពី ២-៤ម៉ែត្រ មានប្រព័ន្ធរំដោះទឹកភ្លៀងចាប់ពីបាតរណ្ដៅ ប្រព័ន្ធប្រមូលទឹកកខ្វក់ពីរណ្ដៅចាក់សំរាម បំពង់បញ្ចេញឧស្ម័នពុលផងដែរ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន


