រាជរដ្ឋាភិបាល បានសម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺ Covid-19 រយៈពេលពីរខែបន្ថែមទៀតដើម្បីបន្តជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា កម្មវីធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ជុំទី២ គិតចាប់ពីខែសីហា និងខែកញ្ញា ឆ្នាំ២០២០ ដែលចាប់ផ្តើមនៅថ្ងៃទី២៥ ខែសីហានេះ តាមរយៈការប្រើប្រាស់សេវាកម្មផ្ទេរប្រាក់វីង នឹងបើកផ្តល់សាច់ប្រាក់ដែលជាថវិកាជាតិចំនួន ៣០ លានដុល្លារអាមេរិកជូនដល់ប្រជាជនចំនួនជាង ២.៦ លាននាក់។ ទំហំថវិកានេះ មានការកើនឡើងពី ២៦ លានដុល្លារអាមេរិកនៅខែកក្កដា និង ២៣ លានដុល្លារអាមេរិកនៅខែមិថុនា ដោយសារមានការកើនឡើងនៃគ្រួសារក្រីក្រ តាមរយៈការកំណត់អត្តសញ្ញាណតាមការស្នើសុំចំនួនប្រមាណ ៦ ម៉ឺនគ្រួសារបន្ថែម។

កម្មវិធីជំនួយសង្គមពិសេសនេះ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយដោះស្រាយជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះដែលរងផលប៉ះពាល់ពីជំងឺ Covid-19 ដែលមានបណ្ណសមធម៌រួមបញ្ចូលលទាំងអ្នកបាត់បង់ការងារ ឬប្រាក់ចំណូលដែលធ្វើឱ្យពួកគេធ្លាក់ចូលក្នុងភាពក្រីក្រ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានប្រសាសន៍ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះត្រូវបានទទួលស្គាល់ដោយសហគមន៍ជាតិ និងអន្តរជាតិថា ជាកម្មវីធីដែលជោគជ័យមួយដោយប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានតាមបែបឌីជីថល ដែលបង្ហាញពីតម្លាភាព និងប្រសិទ្ធិភាពខ្ពស់។ សូមបញ្ជាក់ថា ការអនុវត្តកម្មវិធីនេះនៅទូទាំងប្រទេសត្រូវបានធ្វើឡើងដោយអាជ្ញាធរឃុំ សង្កាត់ ដឹកនាំការអនុវត្តដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងផែនការ, និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រោមការសម្របសម្រួលរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម។


រាជរដ្ឋាភិបាល ក៏ទទួលស្គាល់នូវជំនួយបច្ចេកទេសដែលផ្តល់ដោយដៃគូរអភិវឌ្ឍន៍នានា ជាពិសេសអង្គការ UNICEF, UNDP, GIZ, រដ្ឋាភិបាលអូស្រ្តាលី អាល្លឺម៉ង់ ស៊ុយអែត និងសហគមអឺរ៉ុបដែលនាំឱ្យកម្មវិធីនេះអាចដាក់ឱ្យអនុវត្តដោយរលូន និងប្រកបដោយភាពជោគជ័យ ៕
ប្រភព៖ ក្រសួងព័ត៌មាន


