មេដឹកនាំនៃប្រទេសរុស្ស៊ី និងបេឡារុសត្រូវបានគេរាយការណ៍ថា បានយល់ព្រមសហការគ្នាលើវ៉ាក់សាំងការពារវីរុស Covid-19 ដែលត្រូវបានអភិវឌ្ឍនៅប្រទេសប្រទេសរុស្ស៊ី។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Belta របស់ប្រទេសបេឡារុសបាននិយាយថាលោកប្រធានាធិបតី Alexander Lukashenko និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានជួបពិភាក្សាតាមទូរស័ព្ទកាលពីថ្ងៃច័ន្ទ។
ប្រភពដដែលបានឲ្យដឹងថា ពួកគេបានព្រមព្រៀងថា បេឡារុសនឹងចូលរួមក្នុងដំណាក់កាលចុងក្រោយនៃការសាកល្បងព្យាបាលសម្រាប់វ៉ាក់សាំងរុស្ស៊ី ហើយប្រទេសនេះនឹងក្លាយជាប្រទេសដំបូងគេដែលទទួលបានវ៉ាក់សាំងរបស់រុស្ស៊ី។ ជាមួយគ្នានេះដែរលោក Putin បានប្រកាសនៅថ្ងៃទី ១១ សីហាថារដ្ឋាភិបាលរបស់លោកបានអនុម័តជាផ្លូវការនូវវ៉ាក់សាំងការពារមេរោគឆ្លងក្នុងស្រុកជាលើកដំបូងនៅលើពិភពលោក។ ហើយក្រោយមកប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមួយចំនួនមានការសង្ស័យអំពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះ។

ទន្ទឹមនឹងនេះប្រធានាធិបតី Alexander Lukashenko បានជាប់ឆ្នោតជាថ្មីម្តងទៀតសម្រាប់អាណត្តិទី៦ នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី០៩ ខែសីហា ចំពេលមានការតវ៉ាពីប្រជាជនបេឡារុសថាការបោះឆ្នោតនេះត្រូវបានគេបន្លំសន្លឹកឆ្នោត ហើយប្រទេសលោកខាងលិចមួយចំនួនកំពុងអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតឡើងវិញ។ ដូច្នេះហើយកិច្ចព្រមព្រៀងនេះធ្វើឡើងចំពេលដែលមេដឹកនាំទាំងពីរកំពុងស្វែងរកការគាំទ្រពីអន្តរជាតិបន្ថែមទៀត៕

អត្ថបទ៖ លីនី
ប្រភព៖ nhk


