ថៃបញ្ចេញយុទ្ធសាស្រ្តទេសចរណ៍ថ្មីថែមទៀតដើម្បីទាក់ទាញអ្នកដំណើរក្នុងស្រុក ខណៈភ្ញៀវកាន់តែធ្លាក់ទៅៗ
ទេសចរណ៍ August 26, 2020 Chan Sreyny

យោងតាមមន្ត្រីរដ្ឋាភិបាលថៃបានឱ្យដឹងថា គណៈរដ្ឋមន្រ្តីថៃបានអនុម័តលើវិធានការណ៍ជម្រុញបន្ថែមទៀត ដើម្បីគាំទ្រដល់វិស័យទេសចរណ៍ក្នុងស្រុកក្នុងការស្តារឡើងវិញនូវការខាតបង់មួយចំនួន ខណៈមិនមានការធ្វើដំណើរជាសកលដោយសារជំងឺរាតត្បាត Covid-19 ឆ្លងរាលដាល។

អ្នកនាំពាក្យរដ្ឋាភិបាលថៃលោកស្រី Rachada Dhnadirek បានប្រាប់សន្និសីទកាសែតថា រដ្ឋាភិបាលនឹងបង្កើនអត្ថប្រយោជន៍ដែលមាននៅក្នុងកញ្ចប់មុន រួមទាំងការឧបត្ថម្ភធនសម្រាប់សណ្ឋាគារ និងជើងហោះហើរ។ លោកស្រីបាននិយាយថា ការបញ្ចុះតម្លៃ ៤០% លើសណ្ឋាគារសម្រាប់អ្នកដំណើរម្នាក់ៗដែលស្នាក់នៅចំនួន ១០ យប់ ដោយកាលពីមុនបញ្ចុះតម្លៃសម្រាប់ភ្ញៀវដែលស្នាក់នៅចាប់ពី ៥ យប់ឡើងទៅ ខណៈជើងហោះហើរបញ្ចុះតម្លៃទ្វេដងរហូតដល់ទៅ ២០០០ បាត។

ប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍មួយនេះ មិនមានភ្ញៀវទេសចរបរទេសចាប់តាំងពីខែមេសា ដោយសារតែការហាមឃាត់ការធ្វើដំណើរ។ ប្រទេសថៃរំពឹងថា នឹងទទួលបានទេសចរបរទេស ៨ លាននាក់នៅឆ្នាំនេះធ្លាក់ចុះ ៨០% ពីកំណត់ត្រាឆ្នាំមុន ៣៩.៨ លាននាក់ដែលការចំណាយមានចំនួន ១១.៤% នៃ​ GDP ។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Predee Daochai បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈរដ្ឋមន្រ្តីក៏បានយល់ព្រមរក្សាពន្ធបន្ថែមដែលមានតម្លៃ ៧% សម្រាប់មួយឆ្នាំទៀតដល់ខែកញ្ញា ឆ្នាំក្រោយដើម្បីជួយកាត់បន្ថយថ្លៃដើមការរស់នៅ និងលើកកម្ពស់ទំនុកចិត្តអាជីវកម្ម។ លោកបន្ថែមថា «វានឹងជួយដល់ការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីស្ថានភាពផ្ទុះឡើងនៃ Covid-19 បានធូរស្បើយ »។

គួរឱ្យដឹងផងដែរថា សេដ្ឋកិច្ចធំបំផុតទី ២ នៅអាស៊ីអាគ្នេយ៍បានធ្លាក់ចុះក្នុងល្បឿនលឿនបំផុតប្រចាំឆ្នាំក្នុងត្រីមាសទី២ ចាប់តាំងពីមានវិបត្តិនៅអាស៊ីឆ្នាំ ១៩៩៨ ៕

អត្ថបទ៖ នីតា
ប្រភព៖ bangkokpost