បំណុលរដ្ឋរបស់អង់គ្លេសកើនឡើងជិត ៣០ ទ្រីលានដុល្លារដោយសារការរីករាលនៃជំងឺ Covid-19
សេដ្ឋកិច្ច August 25, 2020 Chan Sreyny

បំណុលរដ្ឋរបស់គ្លេស បានកើនឡើងដល់ជាង ២ ទ្រីលានអឺរ៉ូ (ជាង ២៦ ទ្រីលានដុល្លារ) ជាលើកដំបូង ខណៈពេលដែលជំងឺរាតត្បាត Covid-19 ឆ្លងរាលដាលយ៉ាងខ្លាំងបានជម្រុញឱ្យសេដ្ឋកិច្ចអង់គ្លេសធ្លាក់ចូលក្នុងវិបត្តិ នេះបើយោងតាមទិន្នន័យផ្លូវការបានបង្ហាញ។

ការិយាល័យស្ថិតិជាតិ (ONS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅចុងខែកក្កដា ប្រាក់បំណុលសរុបមានចំនួន ២.០០៤ ទ្រីលានអឺរ៉ូ (២.៦១ ទ្រីលានដុល្លារ) បើប្រៀបធៀបនឹងខែកក្កដា ឆ្នាំ ២០១៩ បំណុលចក្រភពអង់គ្លេសបានកើនឡើងចំនួន ២២៧.៦ ពាន់លានអឺរ៉ូដែលឆ្លុះបញ្ចាំងពីការកើនឡើងយ៉ាងខ្លាំងនៃប្រាក់កម្ចី ដែលត្រូវការដើម្បីដោះស្រាយជំងឺរាតត្បាត Covid-19 ។

លោក Rishi Sunak រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបានមានប្រសាសន៍ថា « វិបត្តិនេះ បានធ្វើឱ្យហិរញ្ញវត្ថុសាធារណៈស្ថិតក្នុងភាពតានតឹងយ៉ាងខ្លាំង ដោយសារយើងបានឃើញការប៉ះទង្គិចដល់សេដ្ឋកិច្ចរបស់យើង និងការចាត់វិធានការគាំទ្ររាប់លានការងារ មុខជំនួញ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ »។លោកបន្ថែមថា បើគ្មានការគាំទ្រទេនោះអ្វីៗនឹងកាន់តែអាក្រក់ទៅៗ។

ទន្ទឹមនឹងនេះ ការខ្ចីប្រាក់សុទ្ធនៅចន្លោះខែមេសា ដល់ចុងខែកក្កដា ត្រូវបានគេប៉ាន់ស្មានថាមានដល់ ១៥០.៥ ពាន់លានអ៊ឺរ៉ូ។ តួលេខកាលពីខែមុនមានចំនួន ២៦.៧ ពាន់លានអ៊ឺរ៉ូ ខណៈដែលចក្រភពអង់គ្លេសបានចេញផុតពីការទប់ស្កាត់យ៉ាងតឹងរ៉ឹង ដែលបានដាក់កាលពីចុងខែមីនា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនេះ។ សេដ្ឋកិច្ចអង់គ្លេសធ្លាក់ចុះ ១/៥ ក្នុងត្រីមាសទី២ ច្រើនជាងប្រទេសជិតខាងនៅអឺរ៉ុប ដោយសារការធ្លាក់ចុះបានធ្វើឱ្យប្រទេសនេះធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចជ្រៅបំផុត។

ទោះបីជាសេដ្ឋកិច្ចចក្រភពអង់គ្លេសកំពុងចាប់ផ្តើមស្ទុះងើបឡើងវិញ ដោយសាររដ្ឋាភិបាលបន្ធូរបន្ថយវិធានការណ៍តឹងរ៉ឹង ដែលធ្វើឱ្យវិស័យឯកជនបានកើនឡើងយ៉ាងឆាប់រហ័សក្នុងខែសីហា ក៏ដោយអ្នកវិភាគរំពឹងថា នឹងមានការកើនឡើងនៃភាពអត់ការងារធ្វើនៅចុងឆ្នាំនេះ។ គួរឱ្យដឹងផងដែរថា នៅក្នុងខែតុលា លោក Sunak គ្រោងនឹងបញ្ចប់នូវគម្រោងរបស់រដ្ឋាភិបាល ដែលបានផ្តល់ប្រាក់ឈ្នួលដល់ ៨០% នៃប្រាក់ឈ្នួលសម្រាប់កម្មករប្រមាណ ១០ លាននាក់ក្នុងកំឡុងពេលមានជំងឺរាតត្បាត៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia