គណៈរដ្ឋមន្រ្តីថៃនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ នឹងពិចារណាលើសំណើដើម្បីកាត់បន្ថយពន្ធលើការទិញរថយន្តថ្មី ចំពេលដែលគណៈរដ្ឋមន្រ្តីបានពិភាក្សាអំពីវិធានការដើម្បីជំរុញឧស្សាហកម្មរថយន្តនៅពេលមានវិបត្តិ Covid-19។ ការកាត់បន្ថយពន្ធនឹងត្រូវបានស្នើដោយក្រសួងឧស្សាហកម្មលោក Suriya Juangroongruangkit បន្ទាប់ពីកិច្ចប្រជុំរបស់លោក កាលពីថ្ងៃច័ន្ទ ជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Mitsubishi Motors នៅឯរោងចក្រ Mitsubishi ក្នុងទីក្រុង Laem Chabang ខេត្ត Rayong។
ក្រុមហ៊ុន Mitsubishi បាននិយាយថា ខ្លួនបានពន្លឿនការវិនិយោគដែលមានទឹកប្រាក់ ២០ ពាន់លានបាតនៅក្នុងប្រទេសថៃ ហើយក្រុមហ៊ុននេះនឹងដាក់លក់រថយន្តអគ្គិសនីដំបូងរបស់ខ្លួនគឺ Mitsubishi Outlander PHEV នៅចុងឆ្នាំ ២០២០ ឬដើមឆ្នាំ ២០២១ នៅប្រទេសថៃ។ ទន្ទឹមនឹងនេះលោក Suriya បាននិយាយបន្ទាប់ពីកិច្ចប្រជុំនេះថា ម៉ូឌែលនេះនឹងក្លាយជាយានអេឡិចត្រូនិច Mitsubishi ដំបូងគេដែលផលិតនៅខាងក្រៅប្រទេសជប៉ុន ខណៈរោងចក្រ Laem Chabang គឺជារោងចក្រ Mitsubishi ធំជាងគេនៅខាងក្រៅប្រទេសជប៉ុនដែលនាំចេញរថយន្តទៅប្រទេសចំនួន ១២០។

ជាមួយគ្នានេះដែរ លោកបានបន្តថា ក្រុមហ៊ុន Mitsubishi ថ្មីៗនេះបានពង្រីកផលិតកម្មរបស់ខ្លួននៅប្រទេសថៃរួមជាមួយក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan ដែលបានកាត់បន្ថយការផលិតនៅក្នុងប្រទេសដទៃទៀត។
ទន្ទឹមនឹងនេះក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់ចិន Great Wall Motors កាលពីខែកុម្ភៈបានទិញរោងចក្រថៃរបស់ក្រុមហ៊ុន General Motors ដែលកាលពីមុនបានទាញចេញពីប្រទេសថៃ។ ក្រុមហ៊ុនចិននឹងចាប់ផ្តើមជួសជុលខ្សែសង្វាក់ផលិតកម្មនៅខែតុលា សម្រាប់ការចាប់ផ្តើមផលិតរថយន្តនៅដើមឆ្នាំក្រោយ។

ក្រសួងឧស្សាហកម្មគ្រោងនឹងជំរុញការផលិតយានយន្តអគ្គិសនីឱ្យបាន ៣០% នៃការផលិតរថយន្តសរុបនៅឆ្នាំ២០៣០ ដោយគោលដៅសម្រាប់រថយន្តអគ្គិសនី ម៉ូតូ និងឡានក្រុង គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រកាត់បន្ថយកម្រិតនៃការបំពុលបរិយាកាស PM2.5 ដែលបង្កគ្រោះថ្នាក់ដល់ប្រទេសថៃ ខណៈម៉ាស៊ីនយានយន្តដំណើរការលើឥន្ធនៈហ្វូស៊ីលត្រូវបានចាត់ទុកថាផ្ដល់នូវកម្រិត PM2.5 ខ្ពស់៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand


