យោងតាមសារព័ត៌មានជប៉ុន NHK បានឲ្យដឹងថា ប្រទេសជប៉ុន និងប្រទេសឡាវបានយល់ព្រមបន្ធូរបន្ថយការរឹតត្បិតការចូលទៅក្នុងប្រទេសទៅវិញទៅមក ដែលត្រូវបានដាក់ក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ Covid-19។ ចំពោះការបន្ធូរបន្ថយនេះ អ្នកស្នាក់នៅរយៈពេលវែងនឹងត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរទៅកាន់ប្រទេសទាំងពីរនៅដើមខែកញ្ញា ខាងមុខនេះ។
ដោយឡែកយោងតាមសារព័ត៌មានវៀតណាម vietnamplus ក៏បានឲ្យដឹងផងដែរថា ប្រទេសជប៉ុន និងមីយ៉ាន់ម៉ាបានយល់ព្រមបើកជើងហោះហើរទៅវិញទៅមកឡើងវិញ និងការចេញ-ចូលនៃប្រជាជន រួមទាំងអ្នករស់នៅរយៈពេលវែងផ្សេងទៀត ឱ្យបានឆាប់នៅដើមខែកញ្ញា នេះដូចគ្នា។

រដ្ឋមន្រ្តីការបរទេសជប៉ុន Motegi Toshimitsu និងសមភាគីឡាវលោក Saleumxay Kommasith បានជួបប្រជុំគ្នានៅប្រទេសឡាវកាលពីថ្ងៃអាទិត្យ ដោយក្នុងកិច្ចប្រជុំនោះរដ្ឋមន្រ្តីក៏បានបញ្ជាក់ផងដែរថា ប្រទេសទាំងពីរនឹងពន្លឿនការសម្របសម្រួលដើម្បីអនុញ្ញាតសម្រាប់ភ្ញៀវរយៈពេលខ្លី បានឆាប់តាមដែលអាចធ្វើទៅបានរួមទាំងអ្នកជំនួញផងដែរ។ បន្ទាប់ពីកិច្ចប្រជុំនេះរដ្ឋមន្រ្តីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលប្រទេសជប៉ុននឹងផ្តល់ឱ្យប្រទេសឡាវនូវទឹកប្រាក់ប្រមាណ ២២.៦ លានដុល្លារ ជាជំនួយឥតសំណងសម្រាប់គម្រោងនានាដែលរួមមានទាំងការសាងសង់ និងជួសជុលស្ថាប័នដើម្បីបណ្តុះបណ្តាលគ្រូ។

គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅនេះប្រទេសជប៉ុនបានហាមឃាត់ការចូលទៅក្នុងប្រទេសលើជនជាតិបរទេសមកពី ១៤៦ ប្រទេស និងតំបន់ ប៉ុន្តែទោះយ៉ាងណាប្រទេសនេះបានចាប់ផ្តើមកិច្ចពិភាក្សាជាមួយសេដ្ឋកិច្ចចំនួន ១៦ រួមទាំងប្រទេសមីយ៉ាន់ម៉ា នៅក្នុងប៉ុន្មានខែថ្មីៗនេះ ដើម្បីចាប់ផ្តើមធ្វើដំណើរជាបន្ដបន្ទាប់ជាមួយនឹងការចាប់ផ្តើមសកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញ។ ហើយក្រៅពីប្រទេសមីយ៉ាន់ម៉ា ជប៉ុនក៏បានឈានដល់កិច្ចព្រមព្រៀងស្រដៀងគ្នាជាមួយសិង្ហបុរី ម៉ាឡេស៊ី កម្ពុជា និងឡាវកាលពីដើមខែនេះ ខណៈប្រទេសមីយ៉ាន់ម៉ា គឺជាជើងចុងក្រោយនៃដំណើរទស្សនកិច្ចក្នុងចំណោមប្រទេសចំនួនបួនដែលរួមមានប្រទេសប៉ាពួញូហ្គីណេ កម្ពុជា និងឡាវ៕



អត្ថបទ៖ លីនី
ប្រភព៖ nhk vietnamplus


