គណៈកម្មការអឺរ៉ុប បានបង្ហាញសំណើទៅក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) ដើម្បីផ្តល់ថវិកាចំនួន ៨១.៤ ពាន់លានអឺរ៉ូ (៩៦ ពាន់លានដុល្លារអាមេរិក) ដល់ប្រទេសចំនួន ១៥ ដែលជាសមាជិករបស់សហភាពអឺរ៉ុប ដើម្បីជួយពួកគេកាត់បន្ថយពីផលប៉ះពាល់នៃការងាររបស់ប្រជាជន ដែលរងគ្រោះដោយសារជំងឺរាតត្បាតរ៉ាំរ៉ៃ Covid-19 ។
តាមការគ្រោងទុកប្រទេសនានានៅសហភាពអឺរ៉ុប នឹងទទួលបានជំនួយតាមរយៈឧបករណ៍សម្រាប់ការគាំទ្របណ្តោះអាសន្ន ដើម្បីកាត់បន្ថយហានិភ័យនៃភាពអត់ការងារធ្វើក្នុងភាពអាសន្ន (SURE) ដែលត្រូវបានបង្កើតឡើងដើម្បីជួយការពារប្រជាជននៅក្នុងការងារ និងការងារដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត។ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen មានប្រសាសន៍ថា « ត្រឹមតែ ៤ ខែបន្ទាប់ពីខ្ញុំបានស្នើបង្កើតគណៈកម្មការនេះ ដែលកំពុងស្នើសុំថវិកាចំនួន ៨១.៤ ពាន់លានអឺរ៉ូក្រោមឧបករណ៍ SURE ដើម្បីជួយការពារការងារ និងកម្មករដែលរងផលប៉ះពាល់ដោយជំងឺឆ្លងរាតត្បាតនៅទូទាំងអឺរ៉ុប »។

គណៈកម្មការបាននិយាយថា ប្រាក់កម្ចីនឹងត្រូវបានគាំទ្រដោយប្រព័ន្ធនៃការធានាដោយស្ម័គ្រចិត្តពីរដ្ឋជាសមាជិក។ ការជួយដល់បណ្តាប្រទេសក្នុងការដោះស្រាយការចំណាយសាធារណៈ ដើម្បីបង្កើនការងារការគាំទ្រនឹងជួយគ្របដណ្តប់លើការចំណាយ ដែលទាក់ទងដោយផ្ទាល់ទៅនឹងហិរញ្ញប្បទាននៃគម្រោងការងាររយៈពេលខ្លីរបស់ជាតិ និងវិធានការណ៍ស្រដៀងគ្នាជាពិសេសសម្រាប់អ្នកធ្វើការដោយខ្លួនឯង។

ក្នុងចំណោមប្រទេសចំនួន ១៥ ដែលមានឈ្មោះក្នុងបញ្ជីនេះ គឺជាប្រទេសដែលរងគ្រោះខ្លាំងជាងគេដូចជា៖ ប្រទេសអ៊ីតាលីដែលនឹងទទួលបានទឹកប្រាក់ចំនួន ២៧.៤ ពាន់លានអឺរ៉ូ និងអេស្ប៉ាញទទួលបាន ២១.៣ ពាន់លានអឺរ៉ូ។ ប៉ូឡូញទំនងជានឹងទទួលបាន ១១.២ ពាន់លានអឺរ៉ូ ប៊ែលហ្សិក ៧.៨ ពាន់លានអឺរ៉ូ រ៉ូម៉ានី ៤ ពាន់លានអឺរ៉ូ និងក្រិក ២.៧ ពាន់លានអឺរ៉ូ។ ដោយមានការយល់ព្រមពីថ្នាក់ដឹកនាំសហភាពអ៊ឺរ៉ុបក្នុងខែមេសា កញ្ចប់នេះត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២០ ខណៈដែលរដ្ឋជាសមាជិកទាំងអស់អាចប្រើប្រាស់កម្មវិធី SURE នេះដើរតួជាសំណាញ់សុវត្ថិភាពជាពិសេសសម្រាប់កម្មករនៅក្នុងប្រទេសដែលរងគ្រោះខ្លាំងបំផុត៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet


