ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines បានចំណាយថវិកា ៤.៤ ពាន់លានសិង្ហបុរី (ជាង ៣.២ ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល ២ ខែចុងក្រោយនេះដោយសារជំងឺរាតត្បាត Covid-19 ដែលបានបង្ខំឲ្យរដ្ឋាភិបាលបិទព្រំដែន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។
Singapore Airlines បាននិយាយថា ចាប់តាំងពីពាក់កណ្តាលខែមិថុនា មកក្រុមហ៊ុនបានចំណាយប្រាក់ចំនួន ១.១ ពាន់លានសិង្ហបុរី ទៅលើប្រតិបត្តិការទូទាត់ការទិញឥវ៉ាន់ ប្រេងឥន្ធនៈ និងការប្រគល់សំបុត្រត្រឡប់មកវិញ បន្ទាប់ពីការលុបចោលជើងហោះហើរក្នុងការត្រួតពិនិត្យតព្រំដែន និងការរឹតបន្តឹងការធ្វើដំណើរ។ ចំណែកឯទឹកប្រាក់ចំនួន ២ ពាន់លានសិង្ហបុរីទៀត ត្រូវបានប្រើដើម្បីសងប្រាក់កម្ចីស្ពានខណៈដែល ២.២ ពាន់លានសិង្ហបុរីត្រូវបានប្រើប្រាស់ចំពោះការទិញយន្តហោះ។

នៅក្នុងខែមិថុនា ក្រុមហ៊ុនអាកាសចរណ៍នេះបានបង្កើនទឹកប្រាក់ចំនួន ៨.៨ ពាន់លានសិង្ហបុរីតាមរយៈបញ្ហាសិទ្ធិរបស់ខ្លួន ខណៈក្រុមហ៊ុនអាកាសចរណ៍នៅតែបន្តទទួលរងពីការជាប់គាំងនៅក្នុងអាកាសចរណ៍អន្តរជាតិ។ ចាប់តាំងពីការចាប់ផ្តើមនៃការរីករាលដាលនៃជំងឺរាតត្បាតមក ក្រុមហ៊ុនអាកាសចរណ៍មួយនេះបានចាត់វិធានការដើម្បីកាត់បន្ថយការចំណាយប្រចាំខែរបស់ខ្លួន ដើម្បីទប់ស្កាត់ការចំណាយដោយបានកាត់បន្ថយប្រាក់ខែ និងឱ្យបុគ្គលិកឈប់សម្រាកដែលមិនបានឱ្យប្រាក់ខែ។

គួរឱ្យដឹងផងដែរថា ក្រុមហ៊ុន Singapore Airlines បានប្រកាសពីការខាតបង់ ១.៨៥ ពាន់លានសិង្ហបុរីក្នុងឆមាសទី១ នៃឆ្នាំនេះដោយសារជំងឺរាតត្បាតបានបំផ្លាញចរាចរណ៍អ្នកដំណើរ៕
អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


