ធនាគារអភិវឌ្ឍន៍អាស៊ី សន្យាផ្តល់ប្រាក់កម្ចីទ្វេដងដល់ប្រទេសឥណ្ឌូនេស៊ី
សេដ្ឋកិច្ច August 24, 2020 Chan Sreyny

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសន្យាផ្តល់ប្រាក់កម្ចីទ្វេដងដល់ប្រទេសឥណ្ឌូនេស៊ីនៅក្នុងឆ្នាំនេះ ដើម្បីជួយសម្រួលដល់ការស្តារឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងប្រទេសនេះ ដែលជាប្រទេសមួយក្នុងចំណោមអតិថិជនធំៗបំផុតរបស់ខ្លួន។

នាយកប្រចាំប្រទេសរបស់ ADB លោក Winfried F. Wicklein បាននិយាយថា ជាធម្មតាធនាគារបានផ្តល់ប្រាក់ចំនួន ១ ពាន់លានដុល្លារទៅ ២ ពាន់លានដុល្លារជារៀងរាល់ឆ្នាំសម្រាប់ឥណ្ឌូនេស៊ី ដែលភាគច្រើននៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសទាក់ទងនឹងវិស័យថាមពល។ លោកបាននិយាយនៅក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយក្រុមហ៊ុនថាមពលភូគព្ភសាស្ត្រគ្រប់គ្រងដោយរដ្ឋ PT Geo Dipa Energi និងទីភ្នាក់ងារធានាហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធ PT Penjaminan Infrastruktur របស់ឥណ្ឌូនេស៊ីថា ទោះជាយ៉ាងណាក្តីនៅក្នុងការប្រឈមមុខជាមួយនឹងជំងឺ Covid-19 ADB កំពុងបង្កើនការគាំទ្រហើយនឹងកើនឡើងទ្វេដងនៅក្នុងឆ្នាំនេះ។

លោកក៏បានអំពាវនាវឱ្យរដ្ឋាភិបាលឥណ្ឌូនេស៊ី ធ្វើការវិនិយោគទៅលើវិស័យថាមពលកកើតឡើងវិញ ដែលជាផ្នែកមួយនៃផែនការស្តារសេដ្ឋកិច្ចរបស់ប្រទេសនេះ។ ADB គាំទ្រជាពិសេសចំពោះថាមពលកំដៅក្នុងផែនដី ខណៈដែលអ្នកផ្តល់ប្រាក់កម្ចីដែលមានមូលដ្ឋាននៅទីក្រុងម៉ានីលចាត់ទុកថា វាជាកត្តាល្អបំផុតដើម្បីជម្រុញកំណើនសេដ្ឋកិច្ច។ កាលពីពេលថ្មីៗនេះ ADB ដែលជាអ្នកផ្តល់ហិរញ្ញប្បទានឈានមុខគេនៃគម្រោងកំដៅផែនដីនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានអនុម័តនូវទឹកប្រាក់ចំនួន ៣០០ លានដុល្លារដើម្បីពង្រីករោងចក្រថាមពលកំដៅក្នុងផែនដីនៅតំបន់ Dieng នៃខេត្តជ្វាកណ្តាល និងតំបន់ Patuha នៃខេត្តជ្វាខាងលិច។

ADB បានបន្ថែមទៅក្នុងបញ្ជីស្ថាប័ន ដែលរួមមានទីភ្នាក់ងារថាមពលអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស និងវិទ្យាស្ថានកំណែទម្រង់សេវាកម្មចាំបាច់ដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតា ដែលបានអំពាវនាវយ៉ាងទទូចដល់រដ្ឋាភិបាលឥណ្ឌូនេស៊ីឱ្យវិនិយោគទៅលើការស្តារសេដ្ឋកិច្ចបៃតង៕

ប្រភព៖ ក្រសួងព័ត៌មាន