តម្លៃកៅស៊ូនាំចេញទៅកាន់ទីផ្សារអន្ដរជាតិមានការកើនឡើង និងមានទីផ្សារល្អ ក្រោយស្ងប់ស្ងាត់អស់មួយរយៈ
សេដ្ឋកិច្ច August 24, 2020 Chan Sreyny

ក្នុងពេលបច្ចុប្បន្ននេះតម្លៃកៅស៊ូនាំចេញទៅកាន់ទីផ្សារអន្ដរជាតិមានការកើនឡើង និងមានទីផ្សារល្អ បន្ទាប់ពីមានភាពស្ងប់ស្ងាត់មួយរយៈ ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅជុំវិញពិភពលោក​ នេះបើយោងតាមការអះអាងរបស់មន្រ្តីជំនាញក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ។

ឯកឧត្តម ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា នៅដើមខែសីហា និងចុងខែកញ្ញាឆ្នាំ២០២០ ខាងមុខនេះ តម្លៃកៅស៊ូនឹងមានការកើនឡើងបន្ដិចវិញពោលគឺ អាចមានតម្លៃពី ១៣០០ដុល្លារ ទៅ ១៤០០ដុល្លារអាមេរិក ក្នុង ១តោន។

ឯកឧត្តមបញ្ជាក់ថា ការកើនឡើងនូវតម្លៃកៅស៊ូនេះ គឺដោយសារតែទីផ្សារអន្តរជាតិមានកំណើនតម្រូវការ ខណៈដែលការនាំចេញកៅស៊ូទៅទីផ្សារអន្ដរជាតិរួមមានប្រទេស វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងសហគមន៍អឺរ៉ុបជាដើម គឺមិនមានការកកស្ទះដូចមុននោះទេ។ ដោយក្នុងឆ្នាំ២០២០នេះ កម្ពុជាអាចនាំចេញកៅស៊ូបានចំនួន ៣០ម៉ឺនតោន ខណៈដែលរយៈពេល ៦ខែដើមឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញកៅស៊ូបានចំនួន ១០ម៉ឺនតោន ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ មានកើនឡើង។

សូមបញ្ជាក់ផងដែរថា បើតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា បច្ចុប្បន្នកម្ពុជា មានផ្ទៃដីដំាកៅស៊ូសរុបប្រមាណជាង ៤០ ម៉ឺនហិកតា។ ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួនជាង ២៥ម៉ឺន ហិកតា ខណៈផ្ទៃដីថែទាំមានជាង ១៥ម៉ឺនហិកតា ដែលគិតជាផលិតផលកៅស៊ូសម្រេចបានជិត ២ម៉ឺនតោន៕

ប្រភព៖ ក្រសួងព័ត៌មាន