ប្រទេសជប៉ុន នឹងជួយសាងសង់ផ្លូវធំៗដល់ប្រទេសកម្ពុជា រួមទាំងច្រករបៀងសេដ្ឋកិច្ចដែលភ្ជាប់ជាមួយប្រទេសថៃ និងវៀតណាម នេះបើយោងតាមប្រសាសន៍របស់លោក Motegi Toshimitsu រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន។

នៅក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះជាណាកច្រកម្ពុជាជាមួយលោក Motegi Toshimitsu រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនកាលពីថ្ងៃទី ២២ ខែសីហា លោក Motegi បាននិយាយថា ប្រទេសជប៉ុននឹងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ លើសពីនេះទៅទៀត ចំពោះប្រទេសកម្ពុជា ជប៉ុនកំពុងចូលរួមចំណែកតាមរយៈការផ្តល់សម្ភារៈពេទ្យ (អាវពេទ្យសម្រាប់ការពារ និងស្រោមដៃជាដើម) នៅខែកុម្ភៈកន្លងមកនេះ និងការផ្តល់បរិក្ខារវេជ្ជសាស្រ្ត និងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងទឹកប្រាក់ប្រមាណ ៤,២០០ លានយ៉េនព្រមទាំងជំនួយបច្ចេកទេស និងសម្ភារៈផ្សេងៗក្នុងទឹកប្រាក់ប្រមាណ ១ ពាន់លានយ៉េន តាមរយៈអង្គការអន្តរជាតិផងដែរ។
ចំណែកនៅក្នុងវិស័យឯកជន ក្រុមហ៊ុនជប៉ុនកំពុងសហការក្នុងការផ្តល់កម្មវិធីអប់រំជា App និងកម្មវិធីសិក្សាតាមប្រព័ន្ធអ៊ីនធឺណេត រួមទាំងអង្គការក្រៅរដ្ឋាភិបាលជប៉ុនក៏បានកំពុងផ្សព្វផ្សាយនូវវិធានការបង្ការការឆ្លងជំងឺ Covid-19 ក៏ដូចជាគាំទ្រដល់កុមារដែលមិនអាចចូលរៀនដោយសារការបិទសាលារៀន។ លោក Motegi បានបន្ថែមថា លោកមានបំណងជម្រុញនូវសាមគ្គីភាពឆ្ពោះទៅរកការស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍក្រោយពេលដែលការរីករាលដាលនៃ Covid-19 នេះត្រូវបានបញ្ចប់ផងដែរ៕
អត្ថបទ៖ នីតា
ប្រភព៖ nhk