ទីភ្នាក់ងារអង្គការសហប្រជាជាតិ៖ បើនៅតែបែបនេះ ឧស្សាហកម្មទេសចរណ៍អាចនឹងខាតបង់ប្រាក់ដល់ទៅ ៣២០ ពាន់លានដុល្លារ
ទេសចរណ៍ August 24, 2020 Chan Sreyny

ទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ទេសចរណ៍អន្តរជាតិ ពីខែមករាដល់ខែឧសភា បានធ្លាក់ចុះចំនួន ៣០០ លាននាក់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារការរឹតបន្តឹងការធ្វើដំណើរដែលបានដាក់ចេញដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃវីរុស Covid-19 ហើយការធ្លាក់ចុះនេះបណ្តាលឱ្យឧស្សាហកម្មទេសចរណ៍ខាតបង់ទឹកប្រាក់ចំនួន ៣២០ ពាន់លានដុល្លារ។

អង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិ (UN World Tourism Organization) បាននិយាយផងដែរថា ការខាតបង់នេះគឺជាការខាតបង់លើកទី៣ បន្ទាប់ពីការខាតបង់ដែលបណ្ដាលមកពីវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៩។ ខណៈទីភ្នាក់ងារបានឲ្យបង្ហាញថា គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ៥៣% នៃប្រទេស និងដែនដីចំនួន ២១៧ លើពិភពលោកមិនទាន់ទទួលយកភ្ញៀវ​ទេសចរមកពីបរទេសនៅឡើយទេ។

យ៉ាងណាមិញទីភ្នាក់ងារនេះកំពុងអំពាវនាវឲ្យបណ្ដាប្រទេស និងដែនដីចាប់ផ្តើមដំណើរទេសចរណ៍ឡើងវិញជាបន្ទាន់ ដោយមានពិធីសារដើម្បីការពារការឆ្លងវីរុស ដោយអះអាងថាការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងទេសចរណ៍អន្តរជាតិ ធ្វើឱ្យជីវភាពរស់នៅរាប់លាននាក់ប្រឈមនឹងហានិភ័យ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk