ក្រុមហ៊ុនជប៉ុនដែលមកវិនិយោគនៅកម្ពុជាមានការកើនឡើង ២.៧ ដងនាពេលបច្ចុប្បន្ននេះ បើធៀបជាមួយនឹងឆ្នាំ២០១៤ ពោលគឺពី ១៤២ ក្រុមហ៊ុន ដល់ ៣៨៨ ក្រុមហ៊ុន។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្រ្តីការបរទេសជប៉ុនដែលបានលើកឡើងនៅក្នុងសារមួយតាមរយៈហ្វេសប៊ុករបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា។
ក្នុងអំឡុងពេលធ្វើទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២១ និង២២ ខែសីហា កន្លងទៅនេះ ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីត្សឹ បានលើកឡើងដូច្នេះថា ថ្ងៃនេះខ្ញុំបានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាជាលើកដំបូង ក្រោយពីខ្ញុំបានទទួលដំណែងជារដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន។ កន្លងមកនេះខ្ញុំធ្លាប់បានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាប៉ុន្មានលើករួចមកហើយ ហើយអ្វីដែលដិតជាប់នៅក្នុងចិត្តរបស់ខ្ញុំមិនអាចបំភ្លេចបាននោះ គឺសម្រស់ថ្ងៃលិចមើលពីប្រាសាទអង្គរវត្ត។

ជាមួយគ្នានេះដែរកាលពីឆ្នាំ២០១៤ ក្នុងនាមជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម លោកបានមកធ្វើទស្សនកិច្ចនៅកម្ពុជាជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនជប៉ុនជាច្រើន ដើម្បីជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ចផងដែរ។ ជាក់ស្ដែងបើប្រៀបធៀបជាមួយឆ្នាំ២០១៤ ពេលដែលឯកឧត្តមបានធ្វើដំណើរទស្សនកិច្ចលើកមុន ចំនួនប្រជាជនជប៉ុននៅកម្ពុជាបានកើនឡើង ២.២ដង (ពី១,៧៩៣នាក់ ដល់៣,៩៣៤នាក់) រីឯក្រុមហ៊ុនជប៉ុនកើន ២.៧ដង (ពី១៤២ក្រុមហ៊ុន ដល់៣៨៨ក្រុមហ៊ុន)។

ចំណែកឯពាណិជ្ជកម្មទ្វេភាគីកើន ២.៣ដង (ពី១០០លានដុល្លាអាមេរិករហូត ដល់ ២៣០លានដុល្លាអាមេរិក) ហើយប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេសជប៉ុនកើន ៤.៣ដង (ពី៣,៤៣៦នាក់ ដល់១៥,០២០នាក់)។ បន្ថែមពីនេះឯកឧត្តមបានបន្តលើកឡើងថា ប្រទេសកម្ពុជាស្ថិតនៅទីកណ្តាលនៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងដែលតភ្ជាប់តំបន់មេគង្គ និងពាក់កណ្តាលនៃចំនួនប្រជាជនជាយុវជនវ័យក្មេង និងស្វាហាប់អាយុក្រោម ២៥ឆ្នាំ ដែលនេះជាសក្តានុពលធ្វើឲ្យទំនាក់ទំនងទ្វេភាគីមានភាពកាន់តែស៊ីជម្រៅថែមទៀត៕

អត្ថបទ៖ លីនី


