ប្រទេសឡាវប្រឈមនឹងឱនភាពថវិកាយ៉ាងធ្ងន់ធ្ងរ ដែលលើសពីការរំពឹងទុក
សេដ្ឋកិច្ច August 24, 2020 Chan Sreyny

ប្រទេសឡាវប្រឈមនឹងឱនភាពថវិកាយ៉ាងធ្ងន់ធ្ងរ ដែលបណ្ដាលឱ្យបំណុលសាធារណៈកើនឡើង នឹងបានបង្កើនសម្ពាធលើសេវាកម្មបំណុលនៅពេលដែលមានការរាតត្បាតនៃជំងឺ Covid-19 នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន Vientiane Times ។

រដ្ឋាភិបាលឡាវបានប៉ាន់ប្រមាណថា ឱនភាពថវិកានឹងកើនឡើងពី ៦.៦៩ ទ្រីលានគីប (៧០០ លានដុល្លារ) ស្មើនឹង ៣.៧% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះដល់ ១០.៣ ទ្រីលានគីប (១.១ ពាន់លានដុល្លារ) ឬ ៥.៧% នៃ GDP ។ ប្រធានគណៈកម្មាធិការផែនការហិរញ្ញវត្ថុ និងសវនកម្មនៃរដ្ឋសភាឡាវលោកបណ្ឌិត Leeber Leebouapao បានប្រាប់កាសែតថា រដ្ឋាភិបាលកំពុងរិះរកមធ្យោបាយដើម្បីដោះស្រាយបំណុលរបស់ប្រទេសនេះបន្ទាប់ពីមានកង្វះចំណូល។ លោកបន្តថា រដ្ឋាភិបាលអាចព្យាយាមចេញមូលបត្របំណុល ដើម្បីកៀរគរមូលនិធិ ឬខ្ចីប្រាក់ពីប្រភពផ្សេងៗដើម្បីសងបំណុល និងដោះស្រាយឱនភាពថវិកាដែលបានគ្រោងទុក។

ទន្ទឹមនឹងនេះ ធនាគារពិភពលោកក៏បានបញ្ជាក់ដែរថា បំណុលសាធារណៈត្រូវបានគេរំពឹងថានឹងកើនឡើងដល់ប្រមាណ ៦៥% ទៅ ៦៨% នៃ GDP នៅឆ្នាំ ២០២០ ដែលធ្វើឱ្យប្រទេសឡាវប្រឈមនឹងហានិភ័យខ្ពស់នៃបំណុល។ កាលពីខែមិថុនា នាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith បានប្រាប់ទៅរដ្ឋសភាថា រដ្ឋាភិបាលនឹងចេញប័ណ្ណបំណុលសម្រាប់រយៈពេលនៅសល់នៃឆ្នាំនេះដើម្បីសងបំណុល។ សេដ្ឋវិទូក៏បានផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលឲ្យជួយដល់វិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យមកាត់បន្ថយថ្លៃដើមផលិតកម្មដើម្បីជម្រុញផលិតភាពសម្រាប់ការនាំចេញ៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus