ប្រទេស ហ្វីលីពីន កាលពីថ្ងៃសុក្រ បានដាក់បម្រាមហាមឃាត់ជាបណ្ដោះអាសន្នចំពោះការនាំចូលសាច់មាន់ពីប្រទេសប្រេស៊ីល បន្ទាប់ពីទីក្រុងចំនួន២ នៅក្នុងប្រទេសចិនបានរកឃើញដាមវីរុស Covid-19 នៅលើស្លាបមាន់កកដែលដឹកចេញពីប្រទេសប្រេស៊ីល។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន South China Morning Post កាលពីម្សិលមិញ។
ប្រភពដដែលបានឲ្យដឹងថា អាជ្ញាធរទីក្រុង Shenzhen បានកំណត់អត្តសញ្ញាណមាន់នេះថា មានប្រភពមកពីរោងចក្រដែលគ្រប់គ្រងដោយ Aurora ដែលជាអ្នកនាំចេញបសុបក្សីនិងសាច់ជ្រូកធំជាងគេទី៣ របស់ប្រេស៊ីល។ ប្រទេសប្រេស៊ីលមានការផ្ទុះឡើងនៃ Covid-19 ដ៏អាក្រក់បំផុតលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកដោយបានកត់ត្រាករណីជាង ៣.២ លានករណី និងមានមនុស្សស្លាប់ជាង ១០៥,០០០ នាក់ ចាប់តាំងពីការរាតត្បាតរីករាលដាលជាសកល។

ជាមួយគ្នានេះ ក្រសួងកសិកម្មហ្វីលីពីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាមួយនឹងរបាយការណ៍ថ្មីៗពីប្រទេសចិន និងអនុលោមតាមច្បាប់សុវត្ថិភាពចំណីអាហាររបស់ប្រទេស ដើម្បីគ្រប់គ្រងប្រតិបត្តិករអាជីវកម្មស្បៀងអាហារ និងការពារប្រជាជន ការហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសាច់មាន់ត្រូវបានដាក់ចេញ។ ទោះជាយ៉ាងណាក្ដីក្រសួងមិនបានបញ្ជាក់ថាតើការហាមឃាត់នឹងត្រូវអនុវត្តរយៈពេលប៉ុន្មាននោះទេ ខណៈប្រទេសប្រេស៊ីលមានចំនួនប្រហែល ២០ ភាគរយនៃការនាំចូលសាច់បសុបក្សីរបស់ហ្វីលីពីន។

យ៉ាងណាមិញ Aurora បាននិយាយថាខ្លួនមិនត្រូវបានជូនដំណឹងជាផ្លូវការដោយអាជ្ញាធរចិនអំពីការចោទប្រកាន់ថាមានការចម្លងរោគនោះទេ។ ក្រុមហ៊ុនបានបន្តថា ខ្លួនត្រូវចាត់វិធានការដែលអាចធ្វើបានទាំងអស់ ដើម្បីការពារការរីករាលដាលនៃវីរុសនេះ ហើយក៏មិនមានភស្តុតាងណាមួយដែលថាវាឆ្លងតាមរយៈអាហារដែរ មិនតែប៉ុណ្ណោះក្រសួងកសិកម្មប្រេស៊ីល ក៏បាននិយាយថា ខ្លួនកំពុងស្វែងរកការបំភ្លឺពីអាជ្ញាធរចិន។

ទន្ទឹមនឹងនេះនាយកដ្ឋានកសិកម្មហ្វីលីពីនបានអះអាងជាសាធារណៈថា ផលិតផលសាច់មាន់ដែលកំពុងលក់នៅទីផ្សារក្នុងស្រុកមានសុវត្ថិភាពក្នុងការបរិភោគ។ លើសពីនេះអង្គការសុខភាពពិភពលោកនៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ខ្លួនមិនបានឃើញភស្តុតាងនៃការឆ្លងដែលត្រូវបានរីករាលដាលដោយ អាហារ ឬ ការវេចខ្ចប់ទេ ហើយបានជំរុញឱ្យប្រជាជនមិនត្រូវខ្លាចវីរុសចូលក្នុងសង្វាក់ចំណីអាហារដែរ៕
អត្ថបទ៖ លីនី
ប្រភព៖ scmp


