កូរ៉េខាងត្បូងរំពឹងថា សេដ្ឋកិច្ចនឹងវិលត្រឡប់ទៅរកកំណើនវិញនៅត្រីមាសទី៣ បន្ទាប់ពីរងនូវការធ្លាក់ចុះដ៏អាក្រក់បំផុត
សេដ្ឋកិច្ច August 15, 2020 Chan Sreyny

យោងតាមរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា សេដ្ឋកិច្ចរបស់កូរ៉េទំនងជានឹងវិលត្រឡប់ទៅរកកំណើនវិញនៅក្នុងត្រីមាសទី៣ បន្ទាប់ពីទិន្នន័យសេដ្ឋកិច្ចថ្មីៗនេះ បានចង្អុលបង្ហាញពីការស្ទុះងើបឡើងវិញជាបណ្តើរៗ ប៉ុន្តែការធ្លាក់ចុះនៃការនាំចេញនៅតែជាក្តីបារម្ភដ៏ធំមួយ។

សេដ្ឋកិច្ចរបស់កូរ៉េ បានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចក្នុងត្រីមាសទី២ នៅពេលដែលទទួលរងនូវការធ្លាក់ចុះដ៏អាក្រក់បំផុត ក្នុងរយៈពេលជាង ២ ទសវត្សដោយសារតែជំងឺរាតត្បាត Covid-19 បានទទួលរងគ្រោះធ្ងន់ធ្ងរ បើទោះបីជាមានវិធានការគាំទ្រពីរដ្ឋាភិបាលក៏ដោយ។ សេដ្ឋកិច្ចរបស់ប្រទេសនេះ បានធ្លាក់ចុះ ៣.៣% ក្នុង ១ ខែនៅក្នុងខែមិថុនា ដោយសារការរីករាលដាលនៃជំងឺ Covid-19 បានធ្វើឱ្យប៉ះពាល់ការនាំចេញ និងការកាត់បន្ថយសង្វាក់ផ្គត់ផ្គង់។

ប៉ុន្តែក្រសួងហិរញ្ញវត្ថុបាននិយាយថា សេដ្ឋកិច្ចធំជាងគេទី៤ នៅអាស៊ីត្រូវបានគេរំពឹងថា នឹងធ្វើបានល្អបើប្រៀបធៀបទៅនឹងសេដ្ឋកិច្ចធំៗដទៃទៀត ដោយដកស្រង់របាយការណ៍ពីអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ស្តីពីប្រទេសកូរ៉េខាងត្បូង។ OECD បាននិយាយថា កូរ៉េខាងត្បូងនឹងទទួលរងផលប៉ះពាល់តិចបំផុត ចំពោះកំណើនសេដ្ឋកិច្ចជឿនលឿនណាមួយនៅឆ្នាំនេះ ដោយធ្លាក់ចុះត្រឹមតែ ០.៨% ប៉ុណ្ណោះបន្ទាប់ពីប្រទេសនេះអាចកំណត់ការរីករាលដាលនៃជំងឹរាតត្បាត ដោយមិនមានការចាក់សោរប្រទេសធ្ងន់ធ្ងរនោះទេ។ កន្លងមក OECD បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងនឹងធ្លាក់ចុះ ១.២% នៅឆ្នាំនេះ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលកូរ៉េបានកាត់បន្ថយការព្យាករណ៍សេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំនេះនៅក្នុងខែមិថុនា ដោយបានព្យាករណ៍ថាសេដ្ឋកិច្ចនឹងកើនឡើងត្រឹមតែ ០.១% នៅឆ្នាំ ២០២០ ដែលនេះគឺជាលទ្ធផលអាក្រក់បំផុតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៨ ។ បច្ចុប្បន្នក្រសួងកំពុងពិចារណាលើកញ្ចប់ថវិកាបន្ថែមមួយផ្សេងទៀត ដែលនឹងជាលើកទី៤ សម្រាប់ឆ្នាំនេះ។ គួរឱ្យដឹងផងដែរថា រដ្ឋាភិបាលបានផ្តល់កញ្ចប់ថវិកាជម្រុញសេដ្ឋកិច្ចចំនួន ២៧៧ ពាន់ពាន់លានវ៉ុន (២៣៣ ពាន់លានដុល្លារ) រួមទាំងថវិកាបន្ថែមចំនួន ៣ ៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia