ក្រុមហ៊ុនធំៗ ជាង ២៧ ក្នុងទីក្រុង New York បាននិយាយថា ពួកគប្ដេជ្ញាបង្កើតការងារ ១០០,០០០ នៅឆ្នាំ២០៣០ ដែលផ្ដល់ឱកាសជាពិសេសដល់កម្មករមានចំណូលទាប ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត Covi-19។ មេដឹកនាំក្រុមហ៊ុនបានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយកាលពីថ្ងៃអង្គារ អំពីគំនិតផ្តួចផ្តើមដ៏ល្អដែលមានគោលបំណងបង្រួមគម្លាតរវាងអ្នកមាន និងអ្នកក្រ។
ក្នុងនោះរួមមាននាយកប្រតិបត្តិក្រុមហ៊ុន JPMorgan Chase លោក Jamie Dimon និងលោក Jeff Bezos នៃក្រុមហ៊ុន Amazon ដោយពួកគេក៏នឹងផ្តល់ការបណ្តុះបណ្តាលការងារ ដោយសម្របសម្រួលជាមួយសាកលវិទ្យាល័យទីក្រុង New York។ គួរម្លឹកផងដែរថា ទីក្រុងញូវយ៉កបានដាក់ការរឹតត្បិតយ៉ាងតឹងរឹងលើសកម្មភាពសេដ្ឋកិច្ច រួមទាំងការចាក់សោរក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19។

ដោយវិធានការនេះបានបង្កជាហានិភ័យដល់សេដ្ឋកិច្ច ដែលប៉ះពាល់ដល់ជនជាតិស្បែកខ្មៅ ជនជាតិឡាតាំង និងជនជាតិភាគតិចដទៃទៀត។ ជាមួយគ្នានេះ បើប្រៀបធៀបទៅនឹងអត្រាគ្មានការងារធ្វើនៅទូទាំងប្រទេសរបស់សហរដ្ឋអាមេរិកនៅក្នុងខែមិថុនា គឺមានចំនួន ១១.១% នៅរដ្ឋ New York និងរដ្ឋក្បែរនោះចំនួន ២ បានកត់ត្រានូវតួលេខដ៏អាក្រក់បំផុត ខណៈអត្រានៅរដ្ឋ Massachusetts មាន ១៧.៤% អត្រានៃរដ្ឋ New Jersey ១៦.៦% និងទីក្រុង New York ១៥.៧%៕

អត្ថបទ៖ លីនី
ប្រភព៖ nhk


