ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានជម្រុញឲ្យក្រុមហ៊ុននានា ត្រួតពិនិត្យគុណភាពម្រេចដែលនាំចេញទៅប្រទេសឥណ្ឌា និងអភិវឌ្ឍដំណោះស្រាយដើម្បីទប់ទល់នឹងគោលនយោបាយដែលប៉ះពាល់ដល់ការនាំចេញម្រេចពីប្រទេសវៀតណាម។ ការព្រមាននេះត្រូវបានដាក់ចេញ បន្ទាប់ពីក្រសួងទទួលបានការជូនដំណឹងពីការិយាល័យពាណិជ្ជកម្មវៀតណាមនៅប្រទេសឥណ្ឌាថា សមាគមអ្នកដាំម្រេចនៅឥណ្ឌាខាងត្បូងបានអះអាងថា សារជាតិ piperine ក្នុងម្រេចខ្មៅរបស់វៀតណាម មិនបានបំពេញតាមតម្រូវការគុណភាពរបស់អគ្គនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសឥណ្ឌា។
លើសពីនេះទៀតនៅក្នុងអត្ថបទមួយដែលបានចុះផ្សាយនៅក្នុង Hindu Business សមាគមន៍ពាណិជ្ជកម្មម្រេច និងគ្រឿងទេសឥណ្ឌា បានចោទប្រកាន់ថា សារជាតិ piperine របស់ម្រេចខ្មៅដែលនាំចូលពីវៀតណាមមិនបានឈានដល់កម្រិតអប្បបរមា ៦% នោះទេ។ ក្រុមប្រឹក្សាគ្រឿងទេសក្រោមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា អាចវាយតម្លៃពីសារជាតិ piperine ក្នុងម្រេចជាអប្បបរមា ដែលនាំចូលពីប្រទេសវៀតណាម ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់កេរ្តិ៍ឈ្មោះម្រេចវៀតណាម ក៏ដូចជាបង្កឱ្យមានគុណវិបត្តិសម្រាប់ការនាំចេញម្រេចរបស់វៀតណាមផងដែរ។

ទន្ទឹមនឹងនេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម កំពុងសហការជាមួយការិយាល័យពាណិជ្ជកម្មនៅឥណ្ឌា ដើម្បីផ្ទៀងផ្ទាត់ការចោទប្រកាន់នេះ និងជំរុញឱ្យភាគីឥណ្ឌាមិនប្រើប្រាស់គោលនយោបាយមិនអំណោយផលលើពាណិជ្ជកម្មម្រេចរវាងប្រទេសទាំងពីរ។ មិនតែប៉ុណ្ណោះក្រសួងក៏បានជំរុញសហគ្រាស និងសមាគមនានាត្រួតពិនិត្យគុណភាពម្រេចនាំចេញ និងត្រៀមរៀបចំគោលនយោបាយស្តីពីការនាំចូលម្រេចពីវៀតណាម។

យោងតាមសមាគមម្រេចវៀតណាមការរីករាលដាលនៃជំងឺ Covid-19 បានដាក់បន្ទុកលើការនាំចេញម្រេច ស្របពេលដែលការធ្លាក់ចុះនៃទិន្នផលម្រេចក្នុងស្រុក កំពុងប្រឈមនឹងគោលដៅនៃការនាំចេញ ២៨០,០០០ តោននិងរកចំណូលបាន ៨០០ លានដុល្លារនៅឆ្នាំនេះ។ ជាមួយគ្នានេះតម្រូវការម្រេចពីទីផ្សារធំៗ របស់វៀតណាមរួមមាន ឥណ្ឌា អាមេរិក និង សហភាពអឺរ៉ុប ក៏ត្រូវបានគេរំពឹងថានៅមានកម្រិតទាបផងដែរ៕


អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


