កាលពីថ្ងៃពុធ កន្លងទៅនេះ ប្រធានាធិបតី ដូណាល់ ត្រាំ បានឲ្យដឹងថា ដើម្បីគាំទ្រដល់ការបើកសាលារៀនឡើងវិញ រដ្ឋាភិបាលបានផ្ដល់ថវិកាចំនួន ១៣ ពាន់លានដុល្លារដល់សាលាបឋម និងអនុវិទ្យាល័យ រួមទាំងផ្ដល់ម៉ាស់ដែលអាចបោកបានដល់ទៅ ១២៥ លានម៉ាស់ដល់មណ្ឌលសិក្សាផ្សេងៗនៅទូទាំងប្រទេស។
ថ្លែងនៅក្នុងសន្និសីទកាសែតនៅសេតវិមានស្តីពីជំងឺរាតត្បាតកូវីដ-១៩ ប្រធានាធិបតីរូបនេះបានលើកឡើងថា៖ « យើងត្រូវតែបើកសាលារៀន និងបើកអាជីវកម្មរបស់យើង ឲ្យកាន់តែឆាប់តាមដែលអាចធ្វើទៅបាន »។ លោកបានប្រាប់អ្នកយកព័ត៌មានថា៖ « ដើម្បីគាំទ្រដល់ការបើកសាលារៀននៅអាមេរិកឡើងវិញ យើងបានផ្តល់ថវិកាចំនួន ១៣ ពាន់លានដុល្លារដល់សាលាបឋម និងអនុវិទ្យាល័យទៅដល់កម្មវិធី CARES Act និងមូលនិធិ CARES Act ហើយយើងនឹងផ្តល់ម៉ាស់ដែលអាចប្រើឡើងវិញបានដល់ទៅ ១២៥ លានដល់មណ្ឌលសិក្សាផ្សេងៗនៅទូទាំងប្រទេស »។
ក្រៅពីជំនួយជាម៉ាស់ និងថវិកា លោក ត្រាំ ក៏បានប្រកាសនូវអនុសាសន៍ថ្មីសម្រាប់ការបើកសាលារៀនឡើងវិញរួមមាន ការធានាចំពោះ សិស្ស គ្រូ និងបុគ្គលិកទាំងអស់ឱ្យយល់ពីរោគសញ្ញានៃវីរុស និងលើកទឹកចិត្តឱ្យថែរក្សាអនាម័យដោយលាងដៃឲ្យបានញឹកញាប់។

យ៉ាងណាមិញ ការបើកសាលារៀនឡើងវិញនៅរដូវស្លឹកឈើជ្រុះនេះ បានក្លាយជាបញ្ហាដ៏ក្ដៅគគុកនៅក្នុងប៉ុន្មានសប្ដាហ៍នេះ ខណៈទិន្នន័យចងក្រងដោយសាកលវិទ្យាល័យ Hopkins បានបង្ហាញថា សហរដ្ឋអាមេរិកមានការផ្ទុះឡើងខ្លាំងបំផុតនៅលើពិភពលោកដែលមានចំនួនជាង ៥ លានករណីហើយរហូតមកដល់ពេលនេះយ៉ាងហោចណាស់មានអ្នកស្លាប់ចំនួន ១៦៥,៣២៨ នាក់។ ខណៈក្រុមអ្នកស្រាវជ្រាវនិយាយថា លទ្ធភាពដែលអាចឆ្លងជំងឺនេះទៅលើកុមារមិនទាន់ច្បាស់លាស់នៅឡើយទេ៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc


