ការលក់រាយរបស់ប្រទេសចិនបានធ្លាក់ចុះនៅក្នុងខែកក្កដា ខណៈពេលដែលសេដ្ឋកិច្ចបានងើបឡើងវិញបន្ទាប់ពីមានការរីករាលដាលនៃជំងឺ Covid-19 នេះបើតាមទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃទី១៤ ខែសីហា។
ការលក់រាយបានធ្លាក់ចុះ ១.១% ធៀបនឹងឆ្នាំមុន ដោយមនុស្សជាច្រើននៅតែមានការព្រួយបារម្មណ៍អំពីការចេញទៅខាងក្រៅផ្ទះ ទោះបីជាជំងឺរាតត្បាតនៅក្នុងប្រទេសស្ថិតក្រោមការគ្រប់គ្រងក៏ដោយ។ ទិន្នន័យចុងក្រោយបានបង្ហាញពីការធ្លាក់ចុះ ១.៨% បើធៀបនឹងឆ្នាំមុនសម្រាប់ការលក់រាយនៅខែមិថុនា។ ឧស្សាហកម្មម្ហូបអាហារនៅតែទទួលរងផលប៉ះពាល់ខ្លាំងដោយការលក់ធ្លាក់ចុះ ១១% ។

វិស័យលក់រាយបានកាន់កាប់តួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចរបស់ចិន នៅពេលដែលថ្នាក់ដឹកនាំមើលឃើញថាការចំណាយរបស់អតិថិជនសំខាន់ជាងពាណិជ្ជកម្ម និងការវិនិយោគដើម្បីជម្រុញកំណើនសេដ្ឋកិច្ច។ ការជ្រើសរើសការប្រើប្រាស់ក្នុងស្រុក គឺត្រូវការជាចាំបាច់នៅពេលដែលតម្រូវការពីខាងក្រៅថយចុះ ខណៈដែលប្រទេសដទៃទៀតនៅតែបន្តប្រយុទ្ធនឹងជំងឺរាតត្បាត។ ដោយឡែក ផលិតកម្មឧស្សាហកម្មបានកើនឡើង ៤.៨% នៅក្នុងខែកក្កដា ពោលគឺដូចគ្នានឹងខែមិថុនាដែរ ប៉ុន្តែតិចជាងការព្យាករណ៍របស់អ្នកវិភាគរបស់ Bloomberg ដែលបានព្យាករណ៍ថាមានកំណើន ៥.២% ។

ប្រទេសចិនកំពុងធ្វើការលោតចេញពីការធ្លាក់ចុះសេដ្ឋកិច្ចជាប្រវត្តិសាស្ត្រនៅក្នុងត្រីមាសដំបូង ដែលបណ្តាលមកពីជំងឺ Covid-19 ដែលបានបិទសកម្មភាពសេដ្ឋកិច្ចភាគច្រើន ហើយបានបង្ខំឱ្យប្រជាជននៅទូទាំងប្រទេសស្នាក់នៅផ្ទះ។ ជំងឺរាតត្បាតនេះដែរ បានលេចមុខជាលើកដំបូងនៅក្នុងទីក្រុងវូហានកាលពីចុងឆ្នាំ ២០១៩ ដែលធ្វើឱ្យអាជីវកម្មជាច្រើនបិទទ្វារ និងបំផ្លាញការងាររាប់លាននៅទូទាំងពិភពលោក។

នៅពេលដែលប្រទេសសេដ្ឋកិច្ចធំៗមួយចំនួននៅលើពិភពលោកធ្លាក់ចុះចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ទិន្នន័យរបស់ចិនក៏បានបង្ហាញថា សេដ្ឋកិច្ចប្រទេសចិនកំពុងស្ទុះងើបឡើងវិញលឿនជាងគេ និងជាប្រទេសទី១ ដែលមានសេដ្ឋកិច្ចងើបឡើងវិញ។ គួរឱ្យដឹងផងដែរថា ផលិតផលក្នុងស្រុកសរុបរបស់ចិនបានកើនឡើង ៣.២% នៅក្នុងខែមេសា ដល់មិថុនា ដែលលើសពីការរំពឹងទុក និងការរីកចម្រើនយ៉ាងខ្លាំងលើការធ្លាក់ចុះ ៦.៨% នៅក្នុងត្រីមាសទី១ ៕
អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia


