គិតត្រឹមថ្ងៃទី ១០ខែ កក្កដានេះ កូវីដ១៩ ធ្វើឲ្យប៉ះពាល់ផ្នែកទេសចរណ៍ជាង ៣ពាន់កន្លែង បុគ្គលិកជាង ៥ម៉ឺននាក់ នៅកម្ពុជា
ទេសចរណ៍ August 14, 2020 Chan Sreyny

(ភ្នំពេញ)៖ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឲ្យដឹងថា គិតត្រឹមខែកក្កដាកន្លងទៅនេះ ជំងឺកូវីដ១៩ ធ្វើឲ្យប៉ះពាល់ដល់ផ្នែកទេសចរណ៍ ចំនួន ៣ពាន់កន្លែង និងប៉ះពាល់ដល់បុគ្គលិកជាង ៥ម៉ឺននាក់នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្ដមបណ្ឌិត ថោង ខុន បានឲ្យដឹងបែបនេះនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយបញ្ចប់កិច្ចប្រជុំជាមួយ គណៈកម្មការអប់រំ យុវជន ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា (គណៈកម្មការទី៧) ដើម្បីពិភាក្សាអំពីវិធានការជាដំណោះស្រាយ ចំពោះវិស័យទេសចរណ៍ក្នុងបរិបទកូវីដ១៩ និងក្រោយកូវីដ១៩ ព្រមទាំងពិនិត្យលទ្ធភាព បង្កើនសកម្មភាពទេសចរណ៍ក្នុងប្រទេសកម្ពុជា។

ឯកឧត្ដមបានបញ្ជាក់យ៉ាងដូច្នេះថា៖ «មកដល់ថ្ងៃ១០ ខែកក្កដានេះ គឺមានការប៉ះពាល់ជាង ៣ ពាន់ទីតាំង ហើយប៉ះពាល់ដល់បុគ្គលិកដែលបម្រើនៅក្នុងទីតាំងនេះជាង ៥ម៉ឺននាក់ ក៏ប៉ុន្តែរាជរដ្ឋាភិបាល នៅជាប់ជាមួយនឹងការលំបាករបស់ប្រតិបត្តិករ របស់ផ្នែកឯកជន និងរបស់បុគ្គលិក និយោជកផងដែរ ពោលគឺរាជរដ្ឋាភិបាល បានដាក់ចេញវិធានការជាច្រើន ដើម្បីជួយដល់បណ្តាប្រតិបត្តិករ ក៏ដូចជានិយោជិក ដែលមានការប៉ះពាល់នេះ»។

ក្រសួងទេសចរណ៍ បានចាត់តាំងក្រុមការងារពិសេសមួយ ដឹកនាំដោយឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ មានអនុការងារ ៥ ដើម្បីធ្វើកិច្ចការងារតាមអនុការងារសំខាន់ រួមមាន៖ ទី១ យកចិត្តទុកដាក់ ពិនិត្យមើលលើសំណូមពរ របស់មូលដ្ឋានអាជីវកម្ម ទី២ ពិនិត្យទៅលើសំណូមពរ របស់បុគ្គលិកនិយោជក និងទី៣ គិតដល់ការបណ្តុះបណ្តាល នៅក្នុងដំណាក់កាលនេះ។

ឯកឧត្ដមបណ្ឌិត ថោង ខុន បន្តថា រាជរដ្ឋាភិបាលមកដល់ថ្ងៃនេះ បានដាក់ចេញវិធានការជាចម្បង ជុំទី៥ហើយ ដែលក្នុងនោះបានដោះស្រាយ ជួយដល់បុគ្គលិក និយោជក ដែលមានការប៉ះពាល់នេះ ជាង៣ម៉ឺននាក់ នៅក្នុងវិស័យទេសចរណ៍នេះ ដោយផ្តល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារក្នុងម្នាក់ រយៈពេល ២ខែ ហើយជុំទី៥នេះ ផ្តល់ ២ខែបន្តទៀត។

ទន្ទឹមនឹងនេះ ចំពោះផ្នែកឯកជន ប្រតិបត្តិករ អាជីវករ ដែលជាម្ចាស់ភោជនីយដ្ឋាន រាជរដ្ឋាភិបាលបានផ្តល់តាំងពីជុំទី១ មកម្ល៉េះ គឺទី១ លើកលែងពន្ធអាជីវកម្ម (ដែលជាទូទៅត្រូវតែប្រកាសពន្ធ ប៉ុន្តែពន្ធវិញរដ្ឋបង់ជំនួស) ទី២ មិនឲ្យអាជីវករបង់ប្រាក់ភាគទានសម្រាប់ ប.ស.ស ទេ ប៉ុន្តែក្នុងដំណាក់កាលនេះ និយោជិតនៅតែទទួល ប.ស.ស ពីរាជរដ្ឋាភិបាលដដែល។

ឯកឧត្ដមបណ្ឌិត ថោង ខុន បានឲ្យដឹងទៀតថា ដោយឡែក ជាការទទួលខុសត្រូវរបស់ក្រសួងទេសចរណ៍ គ្រប់អាជ្ញាបណ្ណទេសចរណ៍ទាំងអស់ អាចមកសុំអាជ្ញាបណ្ណបាន ប៉ុន្តែមិនតម្រូវឲ្យមានការបង់កម្រៃអាជ្ញាបណ្ណឡើយ។ ចំពោះមគ្គទេសក៍ ទោះបីមិនបានប្រាក់ឧបត្ថម្ភ ៤០ដុល្លារ ក៏ប៉ុន្តែអាជ្ញាបណ្ណមគ្គទេសក៍ រាជរដ្ឋាភិបាលមិនឲ្យយកកម្រៃដែរ។ «អញ្ចឹង អាជ្ញាបណ្ណមគ្គទេសក៍សាមញ្ញ ៥០ដុល្លារ បើបណ្ណមគ្គទេសក៍ពិសេសដល់ ១០០ដុល្លារឯណោះ តែយើងមិនយកអាជ្ញាបណ្ណទេ» នេះជាការបញ្ជាក់បន្ថែម របស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍៕

ប្រភព៖ ក្រសួងទេសចរណ៍