អ៉ីរ៉ង់ ត្រៀមខ្លួនជួយប្រទេសលីបង់ ក្នុងការកសាងកំពង់ផែ Beirut ដែលត្រូវបំផ្លិចបំផ្លាញឡើងវិញ
សេដ្ឋកិច្ច August 14, 2020 Chan Sreyny

កាលពីថ្ងៃ ពុធ កន្លងទៅនេះ ប្រធានាធិបតីអ៉ីរ៉ុង Hassan Rouhani បាននិយាយថា ប្រទេសអ៉ីរ៉ង់បានត្រៀមជួយប្រទេសលីបង់ ក្នុងការកសាងកំពង់ផែ Beirut ដែលត្រូវបានបំផ្លិចបំផ្លាញបន្ទាប់ពីការផ្ទុះដ៏ធំមួយ ដែលបាន​វាយប្រហារតំបន់នោះកាលពីសប្ដាហ៍មុន។

ប្រធានាធិបតីអ៉ីរ៉ង់បាននិយាយថា វាដល់ពេលហើយដើម្បីជួយប្រទេសលីបង់ជំនួសឱ្យការប្រើប្រាស់ស្ថានការណ៍សម្រាប់គោលបំណងឱកាសនិយម។ លោកបានបន្ថែមទៀតថា អ៉ីរ៉ង់បានផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តរួចមកហើយ និងត្រៀមខ្លួនជួយបន្ថែមទៀត។ នៅក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីលីបង់ គឺលោក Michel Aoun ប្រធានាធិបតី អ៊ីរ៉ង់បានលើកឡើងដូច្នេះថា៖ « ប្រសិនបើពួកគេត្រូវការអ្វី ពួកគេគួរតែនិយាយចេញមក ហើយយើងនឹងជួយពួកគេ សូម្បីតែនៅក្នុងការស្តារកំពង់ផែឡើងវិញ ជាក់ស្ដែងយើងបានត្រៀមជួយរួចហើយ »។

គ្រោះមហន្តរាយ Beirut បានជំរុញឱ្យមានការស្រែកតវ៉ាជាសាធារណៈ និងការតវ៉ាធំៗនៅក្នុងប្រទេស ដែលបណ្តាលឱ្យរដ្ឋាភិបាលលាលែងពីតំណែង។ ជាមួយគ្នានេះ ក្នុងកាលៈទេសៈបែបនេះប្រធានាធិបតីអ៊ីរ៉ង់បានបន្ថែមថាលីបង់ត្រូវការភាពស្ងប់ស្ងាត់ និងការគាំទ្រ។ ការផ្ទុះដ៏ខ្លាំងក្លានេះបានសម្លាប់មនុស្សជាង ១៧០នាក់ និងរាប់ពាន់នាក់ទៀតរងរបួសនៅថ្ងៃទី ០៤ សីហា ដោយប្រទេស និងអង្គការអន្តរជាតិជាច្រើន បានផ្តល់ជំនួយរបស់ពួកគេរួចហើយក្នុងការដោះស្រាយលផវិបាកនៃការផ្ទុះនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ sputniknews