កាលពីថ្ងៃទី ១៣ ខែសីហា ប្រទេសជប៉ុន និងសិង្ហបុរី បានព្រមព្រៀងគ្នាដើម្បីបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរ ដែលត្រូវបានកំណត់ក្នុងការឆ្លើយតបនឹងការឆ្លងរាតត្បាតនៃ Covid-19 ចាប់ពីខែកញ្ញា ដោយផ្តោតលើអ្នកជំនួញ និងជនបរទេសក្នុងលក្ខខណ្ឌដែលពួកគេចាត់វិធានការដើម្បីការពារការឆ្លង។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi បាននិយាយថា « យើងចាំបាច់ត្រូវបញ្ជាក់ពីព័ត៌មានលម្អិត មុនពេលចាប់ផ្តើមដំណើរទស្សនកិច្ចទៅវិញទៅមក »។ ដោយកាលពីថ្ងៃទី ១៣ ខែសីហា លោក Motegi បានធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី ដើម្បីជួបពិភាក្សាជាមួយលោក Mohamed Azmin Ali រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិរបស់ប្រទេស និងរដ្ឋមន្រ្តីក្រសួងការបរទេស Hishammuddin Hussein ។

បន្ទាប់ពីត្រឡប់មកប្រទេសជប៉ុនវិញលោក Motegi នឹងធ្វើទស្សនកិច្ចនៅ Papua New Guinea កម្ពុជា ឡាវ និងមីយ៉ាន់ម៉ាចាប់ពីថ្ងៃទី ២០ ដល់ ២៥ ខែសីហា។ គួរបញ្ជាក់ផងដែរថា ប្រទេសជប៉ុនបានហាមឃាត់អ្នកទេសចរបរទេសមកពី ១៤៦ ប្រទេស និងតំបន់ពីការចូលមកប្រទេសខ្លួនទោះបីពួកគេជាអ្នករស់នៅអចិន្រ្តៃយ៍ ឬអ្នកស្នាក់នៅយូរក៏ដោយ។ រដ្ឋាភិបាលក្រុងតូក្យូ បានបញ្ជាក់ពីការឆ្លងជំងឺរាតត្បាតថ្មីចំនួន ២០៦ នាក់នៅថ្ងៃទី ១៣ ខែសីហា៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


