ប្រទេសចិន នឹងលែងជារោងចក្ររបស់ពិភពលោកទៀតហើយ ក្រោយក្ដោបក្ដាប់កិត្តិនាមនេះអស់រយៈពេល ៥០ឆ្នាំ កន្លងមក
សេដ្ឋកិច្ច August 13, 2020 Chan Sreyny

ក្នុងរយៈពេល ៥០ឆ្នាំ កន្លងមកនេះប្រទេសចិនបានក្លាយជា​ ប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក ដោយមួយផ្នែកធំបានមកពីការកើនឡើងនៃឧស្សាហកម្មផលិតរបស់ខ្លួន។ ប៉ុន្តែនាយកប្រតិបត្តិនៃក្រុមហ៊ុនធំបំផុតមួយក្នុងចំណោមក្រុមហ៊ុនធំៗនៅក្នុងឧស្សាហកម្មទាំងនោះ បានព្យាករណ៍ថា យុគ្គសម័យនោះបានឈានដល់ទីបញ្ចប់ហើយ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃពុធថា លោក ​Young Liu ប្រធានក្រុមហ៊ុន Hon Hai ដែលត្រូវបានគេស្គាល់ជាទូទៅថា Foxconn ជាក្រុមហ៊ុនផលិតទូរស័ព្ទ iPhone បានប្រាប់វិនិយោគិននៅសប្ដាហ៍នេះថា កិត្តិនាមប្រទេសចិន ជារោងចក្ររបស់ពិភពលោក ត្រូវបានបញ្ចប់ហើយ។

នៅក្នុងអំឡុងពេលរកប្រាក់ចំណូលចុងក្រោយរបស់ក្រុមហ៊ុន Foxconn លោក Liu បាននិយាយថា សង្រ្គាមពាណិជ្ជកម្មរបស់លោក Donald Trump ជាមួយទីក្រុងប៉េកាំងបានបង្ខំឲ្យក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិចធ្វើពិពិធកម្ម​ខ្សែផ្គត់ផ្គង់របស់ពួកគេទៅប្រទេសផ្សេងទៀត ដែលមិនតម្រូវឲ្យពួកគេប្រឈមនឹងពន្ធលើផលិតផលដែលផលិតនៅប្រទេសចិន។

ជាមួយគ្នានេះក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ធំជាងគេលើពិភពលោកគ្រោងនឹងធ្វើដូចគ្នា ខណៈលោក Liu បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា ៣០% នៃសមត្ថភាពផលិតរបស់ក្រុមហ៊ុនដែលនៅក្រៅប្រទេសចិនការកើនឡើង ២០% បើប្រៀបធៀបទៅនឹងខែមិថុនាកន្លងមក ហើយក្រុមហ៊ុនចាប់អារម្មណ៍ក្នុងការពង្រីកនៅតាមតំបន់ផ្សេងៗគ្នា។ លោកបានបន្តថា មិនថាឥណ្ឌា អាស៊ីអាគ្នេយ៍ ឬ អាមេរិកទេនោះនឹងមានប្រព័ន្ធអេកូឡូស៊ីផលិតកម្មផ្ទាល់ខ្លួន។

សូមបញ្ជាក់ផងដែរថា លោក Trump បានដាក់ពន្ធគយលើទំនិញដែលនាំចូលពីប្រទេសចិន ដែលជាផ្នែកមួយនៃសង្គ្រាមពាណិជ្ជកម្មអស់រយៈពេលជាច្រើនឆ្នាំរបស់លោកប្រឆាំងនឹងប្រទេសនេះ ប៉ុន្តែភស្តុតាងភាគច្រើនបង្ហាញពីផលប៉ះពាល់អវិជ្ជមានសុទ្ធសម្រាប់ក្រុមហ៊ុនអាមេរិក បុគ្គល និងសេដ្ឋកិច្ចទាំងមូល។ បើតាមការវិភាគពី Bloomberg Economics បានប៉ាន់ប្រមាណថា វិធានការណ៍ដាក់ទណ្ឌកម្មរបស់រដ្ឋបាល Trump នឹងបញ្ចប់ការចំណាយ ៣១៦ ពាន់លានដុល្លារនៅចុងឆ្នាំ២០២០ ហើយក្រុមអ្នកស្រាវជ្រាវឯករាជ្យមកពីសហព័ន្ធបម្រុងញូវយ៉ក និងកូឡុំបៀ បានប៉ាន់ស្មានថា ពន្ធទាំងនេះនឹងធ្វើឱ្យជនជាតិអាមេរិកខាតបង់ប្រហែល ៨៣១ ដុល្លារ។ ក្នុងមួយគ្រួសារក្នុងកំឡុងឆ្នាំ ២០១៩ ។

ដោយឡែកភាពតានតឹងបានថយចុះជាបណ្តោះអាសន្នកាលពីខែធ្នូនៅពេលដែលលោក Trump និងប្រទេសចិនឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មបណ្តោះអាសន្ន ប៉ុន្តែថ្មីៗនេះលោក Trump បានធ្វើឱ្យមានភាពតានតឹងជាមួយប្រទេសចិនជាថ្មីម្ដងទៀត ជាមួយនឹងបទបញ្ជាតិចំនួនពីរដែលព្យាយាមហាមឃាត់កម្មវិធីវីដេអូ TikTok និងកម្មវិធីផ្ញើសារ WeChat ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន ByteDance និង Tencent ពីប្រតិបត្តិការនៅអាមេរិក៕

អត្ថបទ៖ លីនី
ប្រភព៖ businessinsider